ព័ត៌មានជាតិ

កំពូលចោរអស់លក្ខណ៍ លួចរថយន្តគេបាន៣ថ្ងៃ ម្ចាស់រកឃើញប្ដឹងសមត្ថកិច្ចឲ្យវាយខ្នោះ

ភ្នំពេញ: ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយករថយន្តមួយគ្រឿងបានសម្រេច និងរក្សាទុកអស់រយ:ពេល៣ថ្ងៃ ទើបម្ចាស់តាមរកឃើញនៅទល់មុខមន្ទីរពេទ្យព្រះអង្គឌួង ក៏ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ និងឡោមព័ទ្ធចាប់បានជនសង្ស័យម្នាក់ភ្លាមៗ នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ១១៨ កែងផ្លូវព្រះនរោត្ដម ( ទល់មុខមន្ទីរពេទ្យអង្គឌួង ) ស្ថិតក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សម្ភស្ស ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរត់កង់បី ស្នាក់នៅមិនពិតប្រាកដ។

ជនរងគ្រោះមានឈ្មោះ សុខ ជា ភេទប្រុស អាយុ៣០ឆ្នាំជាង មុខរបរត់តាក់ស៊ី ស្នាក់នៅម្ដុផ្សារសាមផាន់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តប្រាប់ឲ្យដឹងថា រថយន្តរបស់គាត់ម៉ាក ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5759 ត្រូវជនសង្ស័យលួចយកនៅវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះជនរងគ្រោះ ដែលស្ថិតនៅម្ដុំផ្សារសាមផាន់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ លុះមកដល់យប់ថ្ងៃកើតហេតុខាងលើក៏ប្រទះឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ដែលបិទស្កុតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-1637 ជាស្លាកលេខក្លែងក្លាយ ចតទុកចោលនៅតាមបណ្ដោយផ្លូវ១១៨ កែងផ្លូវនរោត្ដម ( ទល់មុខមន្ទីរពេទ្យអង្គឌួង ) គាត់មានការសង្ស័យដូចជារថយន្តរបស់គាត់ក៏យកតេឡេ ចុចសាកមើលស្រាប់រថយន្តនោះលោតភ្លើងសញ្ញា ហើយក៏យកកូនសោរទៅចាក់ទ្វាររថយន្តគឺត្រូវហើយប្រាកដថាពិតជារថយន្តរបស់គាត់ ទើបប្ដឹងសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុខាងលើ រួចបានឡោមព័ទ្ធចាប់បានជនសង្ស័យម្នាក់ភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាង ទៅស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់