ព័ត៌មានជាតិ

ជក់ថ្នាំផង លេងល្បែងផង​ ដល់ពេលអស់លុយ បែកគំនិតលួចម៉ូតូអ្នកសារព័ត៌មាន!!!

ភ្នំពេញ: យុវជនវ័យជំទង់ម្នាក់ ញៀនថ្នាំផងនិងលេងល្បែងស៊ីសងផង​ លុះពេលអស់លុយពីខ្លួន ក៏បែកគំនិតធ្វើសកម្មភាពលួចម៉ូតូ (កាច់ក) បានសម្រេច​ រួចយកទៅបញ្ចាំបានលុយ២០០ដុល្លារ​ គេចខ្លួន១២ម៉ោង​ លុះត្រឡប់មកវិញផ្ទះ​ សមត្ថកិច្ចចុះមកចាប់ខ្លួនបានល្មម។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង០៥នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ចំណុចមុខផ្ទះលេខ២៧២ ផ្លូវលេខ៣៥៧ ស្ថិតក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ហេង សុខទី ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ មុខរបរសារព័ត៌មាន ស្នាក់នៅផ្ទះលេខ២៧២ ផ្លូវលេខ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ ហួន ចាន់ណា អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ សំណង់អនាធិបតេយ្យ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ប្រភពព័ត៌មានពីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានទុកម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA-0612 នៅចំណុចមុខផ្ទះកើតហេតុ រួចក៏បានចូលទៅសម្រាកមួយសន្ទុះ ក៏ត្រឡប់ចេញមកក្រៅវិញ ក៏ស្រាប់តែមានជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយកម៉ូតូ (កាច់ក) ជនរងគ្រោះជិះគេចពីកន្លែងកើតហេតុបាត់ ភ្លាមនោះបុរសរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមរកជនសង្ស័យ ។ ហើយបុរសរងគ្រោះក៏ត្រឡប់មកផ្ទះវិញ​ បើក​កាមរ៉ា​សុវត្ថិភាព​នៅមុខផ្ទះរបស់ខ្លួន ឃើញជនសង្ស័យ​ ដែលរស់នៅក្នុងភូមិជាមួយគ្នា​ បានធ្វើសកម្មភាព​លួច​យកម៉ូតូ​របស់ខ្លួន​ទៅ​ ទើបរូបលោកបានយក​វីដេអូ​នោះ​ ទៅប្រគល់ឲ្យសមត្ថកិច្ច​ដើម្បី​ងាយស្រួល ក្នុងការស្រាវជ្រាវចាប់ជនសង្ស័យរូបនោះ។

ជនរងគ្រោះ​បន្តទៀត​ថា លុះមកដល់ម៉ោង៧យប់ថ្ងៃដដែល មិត្តភក្ដិ​របស់ជនរងគ្រោះ​ បានប្រទះឃើញ​ជនសង្ស័យ នៅមុខផ្ទះរបស់ជនសង្ស័យនៅចុងភូមិកើតហេតុ ទើបប្រញ៉ាប់​រត់មកប្រាប់​ជនរងគ្រោះ​ ភ្លាមនោះ​ជនរងគ្រោះ​បានរាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលច្បារអំពៅ២ ចេញជួយអន្តរាគមន៍​ និងឃាត់ខ្លួនជនសង្ស័យនៅមុខផ្ទះរបស់ជនសង្ស័យតែម្ដង ចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុងចុងភូមិ​ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ រួចយកមកសួរនាំនៅប៉ុស្តិ៍តែម្តង។

នៅចំពោះ​មុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយ​សារភាពថា​ ខ្លួនពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះនៅមុខផ្ទះរបស់ជនរងគ្រោះពិតប្រាកដមែន ហើយបានយក​ទៅបញ្ចាំ​នៅកន្លែងទទួលបញ្ចាំ​មួយកន្លែង​ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ បានលុយចំនួន​២០០ដុល្លា​រ រួចយកលុយមួយចំនួន​ទៅទិញ​ថ្នាំ​ជក់​ និងមួយចំនួនទៀត​រូបគេបានឲ្យ​មិត្តភក្ដិ​ ហើយក៏ត្រឡប់មកផ្ទះវិញ នៅសល់លុយជាង១០ម៉ឺន​រៀល​ រូបគេក៏ប្រគល់ឲ្យឪពុករបស់គេ​ ស្រាប់តែមួយសន្ទុះក្រោយមក​ក៏ឃើញ​សមត្ថកិច្ចចុះមកឃាត់ខ្លួន​រូបគេតែម្ដង។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ហួន ចាន់ណា ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅ​អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ ដើម្បីកសាង​សុំណំរឿង​ ចាត់ការតាម​នីតិវិធី​ច្បាប់​៕

មតិយោបល់