Post News Media ព័ត៌មានជាតិ រឿងគ្រោះថ្នាក...

រឿងគ្រោះថ្នាក់ចរាចរណ៍សោះ ក្លាយទៅជារឿងចោទប្រកាន់បាត់ទូរសព្ទ ដោយបុរសជនជាតិស្បែកខ្មៅ វាយទៅលើបុរសម្នាក់ ផ្អើលសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហាយប្រីត ពាក់ស្លាកលេខ ភ្នំពេញ 2AS-3117 បើកបរដោយបុរសជនជាតិស្បែកខ្មៅម្នាក់ បានបុកជាមួយឡាំប៉ាតា Pass Appដែលកំពុងបើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវព្រះសីហនុ ទល់មុខនឹងក្រុមហ៊ុនទូរសព្ទCelcard ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយព្យាយាមបើករត់ តែត្រូវបានប្រជាពលរដ្ឋដេញតាមឃាត់បានហៅមកធ្វើការដោះស្រាយគ្នានៅកន្លែងកើតហេតុវិញ។ លុះដោះស្រាយរួច ភាគីខាងបុរសជនជាតិស្បែកខ្មៅនោះ បាននិយាយចរចារគ្នាដោយប្រាប់ថា នឹងសងថ្លៃខូចខាតហើយបើករថយន្តទៅយកលុយនៅម្តុំខណ្ឌសែនសុខ ។

ប៉ុន្តែអ្វីដែលហួសចិត្តនោះ ជនជាតិស្បែកខ្មៅខាងលើ គិតតែពីបើករថយន្តបង្វៀងពេញក្រុងភ្នំពេញ មិនដឹងទៅណាឲ្យប្រាកដ រួចក៏វិលត្រឡប់មកម្តុំវិមាន្យឯករាជវិញ ស្ថិតក្នុងទឹកដីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនវិញ ។ ក្រោយមកក៏ស្រាប់តែកើតរឿងរ៉ាវ បាត់ទូរសព្ទ ដោយបុរសជនជាតិស្បែកខ្មៅបានចោទទៅលើបុរសម្នាក់ផ្សេងទៀតថាលួចទូរសព្ទខ្លួន និងបានផ្ទុះហិង្សារវាយទៅលើបុរសរូបនោះ តែតាមពិត ទូរសព្ទរបស់គាត់ជ្រុះ ត្រូវបានបុរសអ្នកបើករថយន្តឡាំប៉ាតា រើសទុកឲ្យសោះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកនាំខ្លួន ជនបរទេសខាងលើ រួមនឹងភាគីម៉ូតូឡាំប៉ាតា និងបុរសរងគ្រោះ ដែលត្រូវគេវាយយកទៅកាន់ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរបន្ថែម។

ក្រោយកើតហេតុ ភាគីខាងបុរសរងគ្រោះ បានដាក់ពាក្យបណ្តឹងប្តឹងទៅកាន់បុរសអ្នកបើករថយន្តហាយប្រីតជាជនបរទេស ដើម្បីកសាងសំណុំរឿង ដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

Loading...