ព័ត៌មានជាតិ

ស្រ្តីមេម៉ាយម្នាក់ ត្រូវនគរបាលហៅទៅសាកសួរ ដោយសង្ស័យថាបីកូនប្រុសដើរលក់!

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្ដិ៍កាកាប២ ហៅស្ត្រីម្នាក់នាំទៅធ្វើការសាកសួរបន្ទាប់ពីមានសេចក្ដីរាយការណ៍មកថានាងរួមជាមួយស្រ្តីម្នាក់ទៀតដែលជាម្ដាយធម៌បានបីកូនតូចម្នាក់ដើរលក់។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីរូបនោះឈ្មោះ វង់ ស្រីម៉ាច អាយុ២៦ឆ្នាំ ស្នាក់នៅក្នុងភូមិ៤ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ចំណែកស្រ្តីម្នាក់ដែលជាម្ដាយធម៌ឈ្មោះ សាន រីម អាយុ៦០ឆ្នាំ ស្នាក់នៅក្នុងភូមិជាមួយគ្នា។

នៅមុនពេលកើតហេតុស្រ្តីរូបនេះរួមជាមួយម្ដាយធម៌បានបីកូនប្រុសអាយុ២ខែម្នាក់ ដើរនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប២ ហើយបានពឹងឲ្យអ្នកជិតខាងរកអ្នកទទួលយកកូននាងទៅចិញ្ចឹម។ បន្ទាប់ពីទទួលបានព័ត៌មាននោះភ្លាម នគរបាលបានចុះនាំខ្លួនអ្នកទាំង២ទៅសួរនាំនៅប៉ុស្តិ៍ ទើបដឹងថានាងមិនមែនលក់កូនទេគឺនាងស្វែងរកមណ្ឌលកុមារកំព្រាដើម្បីយកកូននាងទៅចិញ្ចឹម។

ស្រ្តីរូបនេះបានឲ្យដឹងថា នាងបានកំព្រាតាំងពីតូចមកម្ល៉េះដោយឪពុកម្ដាយបានស្លាប់ចោល
ហើយនាងមានប្ដីម្នក់ដែលជាជនទុរគតដូចនាងដែរ ដោយឪពុកម្ដាយព្រមទាំងសាច់ញាតិរបស់គាត់បានស្លាប់ចោលក្នុងរបបប៉ុលពត ប៉ុន្តែក្រោយពេលរស់នៅជាមួយគ្នាបានរយ:ពេលតែជាង១ឆ្នាំប៉ុណ្ណោះប្ដីត្រូវបានពស់ចឹកស្លាប់ខណ:ដែលនាំឆ្កែចូលដេញសត្វក្នុងព្រៃ។

ប្រភពដដែលបានបន្តទៀតថា ក្រោយមកនាងបានក្លាយទៅជាស្រីមេម៉ាយហើយខណ:នោះនាងមានផ្ទៃពោះ៥ខែទៅហើយ និងបានទ្រាំលំបាករហូតដល់ថ្ងៃសម្រាលកូន។ ដែលពេលនេះកូនប្រុសនាងមានអាយុជាង២ខែហើយ ចំណែកនាងបានជួបការលំបាកខ្វះខាតយ៉ាងខ្លាំង និងគ្មានលទ្ធភាពដើម្បីចិញ្ចឹមកូនទេ។

ទើបនាំយកកូនក្នុងបំណងទៅដាក់នៅមណ្ឌល កុមារកំព្រាមួយស្ថិតនៅខាងក្រោយមន្ទីរពេទ្យរុស្ស៊ី ក្នុងរាជធានីភ្នំពេញ ប៉ុន្តែពេលទៅដល់ខាងមណ្ឌលមិនព្រមទទួលយកឡើយ ទើបនាងនិងម្ដាយធម៌សម្រេចចិត្តបីកូនត្រឡប់ក្រោយវិញ។រួចបានពឹងអ្នកនៅជិតៗនោះឲ្យជួយរកទីតាំងមណ្ឌលកុមារកំព្រាផ្សេងទៀត ដើម្បីយកកូនទៅដាក់ទីនោះ ព្រោះនាងមិនចង់ឲ្យកូនទៅអ្នកផ្សេងក្រៅពីមណ្ឌលកុមារកំព្រាឡើយ ហើយក្រោយមកបែរជាលិចឮព័ត៌មានថានាងដើរលក់កូនបែបនេះទៅវិញ៕

មតិយោបល់