Post News Media ព័ត៌មានជាតិ នគរបាលឃាត់ខ្ល...

នគរបាលឃាត់ខ្លួនមេតុងទីនម្នាក់ ក្រោយពីកូនតុងទីនជិត៥០០នាក់ ប្តឹងរឿងស៊ីដាច់លុយជាង៣០ម៉ឺនដុល្លារ

ភ្នំពេញ: នគរបាលបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោ​ធិ៍សែន ជ័យបានចុះឃាត់ខ្លួនស្ត្រីម្នាក់ ដែលជាមេតុងទីន ដែលបានបោកប្រាស់រត់ចោលកូនតុងទីន ដែលក្រុមអាជីវករផ្សារឯករាជ្យ១ និ​ងអាជីវករផ្សារកាណាឌីយ៉ា ជិត៥០០នាក់ ស​រុបជាទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ បានរត់គេចអស់រយ:ពេល​ជាង៥ខែមកហើយ។

ការឃាត់ខ្លួនខាងលើធ្វើឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ចំណុចផ្សារកាណាស៊ីធី ស្ថិតនៅក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីមានពាក្យបណ្តឹងពីជនរងគ្រោះ ដែលជាកូនតុងទីន។

ក្រុមអាជីវករដែលជាជនរងគ្រោះ បានឲ្យដឹងថា ស្ត្រីដែលជាមេតុងទី​នបោកខាងលើឈ្មោះ ឆេង សារ៉ា អាយុ៣៩ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ រា​ជធានីភ្នំពេញ។

កូនតុងទីនបាន បានរៀបរាប់ថា ស្ត្រីដែលជាមេតុងទីនខាងលើ ធ្លាប់រកស៊ីបោះដុំឥវ៉ាន់ចាប់ហួយ នៅផ្សារឯករាជ្យ១ និងផ្សារកាណាឌីយ៉ា​ រហូតបានស្គាល់គ្នាជិតឌិត ក៏បាននាំគ្នាលេងតុងទីន ចាប់ពីក្បាល២ម៉ឺនរៀល ដល់ក្បាល១០០ដុល្លារ ចំនួនអ្នកលេងតុងទីជិត៥០០នាក់ អ្នកខ្លះលេង៣ក្បាល និង៨ក្បា​ល។ ពួកគាត់មានអ្នកមា​នអ្នកខ្លះលេងរយ:ពេល៦ឆ្នាំ ខ្លះ៣ឆ្នាំ និងខ្លះ​ទៀត២ឆ្នាំ ហើយក្នុងម្នាក់ៗអ្នកខ្លះបង់តិចបំផុតជាង១,០០០ដុល្លារ រីឯខ្លះទៀតរហូតដល់ទៅជាង៣ម៉ឺនដុល្លារក៏មាន។

ប្រភពពី​កូនតុងទីន បានឲ្យដឹងបន្តទៀតថា ជាបន្តប​ន្ទាប់រយ:ពេលជាង៦ឆ្នាំមកនេះ ស្ត្រីជាមេតុងទីន​ខាងលើ បានលេងជាមួយកូនតុងទីនយ៉ាងល្អប្រសើរ តែគិតត្រឹមរយ:ពេលជាង៥ខែមកនេះ មេតុងទីន​បានព្យាយាមមិនឲ្យកូនតុងទីនផ្សេងៗដេញយក តុងទីនដែលងាប់នោះឡើយ​ ហើយប្រុង​រត់ចោលកូនតុង​ទីនទាំងអស់ ដោយគេចវេសមិនខ្ចីលើកទូរសព្ទនោះឡើយ និងរត់គេចខ្លួនបាត់តែម្តង អស់រយ:ពេលជិត៦ខែមកហើយ ទើបកូនតុងទីនទាំងអស់នោះ​បានដឹងថា មេ​កំពុងតែវិចបង្វិចរត់គេចខ្លួននោះ ក៏បានរត់មកដាក់ពាក្យបណ្តឹង នៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ​ដើម្បីជួយអន្តរាគមន៍​ តែចៃដន្យក្រុមកូនតុងទីន បានជួបស្ត្រីជាមេតុងទីននោះនៅក្នុងផ្សារកាណាស៊ីធី ទើបនាំគ្នាឃាត់ខ្លួនប្រគល់ ឲ្យនគរបាលចាត់ការតាមនិតិវិធី៕​​

Loading...