ព័ត៌មានជាតិ

រថយន្តដឹកមាន់ បុកជាមួយម៉ូតូសង់ បណ្តាលឲ្យជាងដេគ័រ២នាក់របួស បញ្ចប់រឿងត្រឹមសំណង៤៥០ដុល្លារ

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកមាន់ ពណ៌ស ពាក់ស្លាកលេខ 3E-1915 បានបុកជាមួយនឹងម៉ូតូសង់ សេ១២៥ បណ្តាលឲ្យបុរស២នាក់ ដែលមានមុខរបរជាងដេគ័រ បានរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង២៦នាទីយប់ ថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៣០ម៉ែត្រ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង ដោយភាគីខាងរថយន្តបង្ក យល់ព្រមសងសំណងចំនួន៤៥០ដុល្លារ ឲ្យទៅភាគីខាងម៉ូតូដើម្បីជួសជុលម៉ូតូនិងថ្លៃមើលព្យាបាលរបួស ដើម្បីបញ្ចប់រឿង៕

មតិយោបល់