ព័ត៌មានជាតិ

ស្រវឹងធ្លាក់ភ្នែកជិះម៉ូតូទៅបុកម៉ូតូ១គ្រឿងទៀត បណ្តាលឲ្យស្ត្រី២នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ: បុរស២នាក់ស្រវឹងស្រាជោកជិះម៉ូតូមួយគ្រឿងជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតជិះដោយស្រ្តី២នាក់ចំពីក្រោយបណ្តាលឲ្យស្ត្រីម្នាក់រងរបួសក្បាលជង្គង់ខាងស្តាំធ្ងន់និងម្នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១កែងនិងផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញស្ត្រី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DM-2501 តាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើក៏មានបុរស២នាក់ស្រវឹងស្រាធ្លាក់ភ្នែកជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GM-4620 មកពីក្រោយស្របទិសដៅគ្នាមកបុកពីក្រោយបណ្តាលដួលបោកនិងថ្នល់ រងរបួសជើងស្តាំស្ត្រីម្នាក់ធ្ងន់ត្រូវបានមិត្តភក្តិ បញ្ជូនតាមម៉ូតូកង់បីឥណ្ឌាទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកម្នាក់ទៀតរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់