ព័ត៌មានជាតិ

រថយន្តកូរ៉េ ឆ្លងផ្លូវត្រូវរថយន្តកុងតឺន័រ កៀររេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ: រថយន្តកូរ៉េមួយគ្រឿង បើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តកុងតឺន័របើកកៀរបណ្តាលឲ្យរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ កៀបជាប់ហើយរថយន្តកុងតឺន័រគេចបាត់។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់​ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ​២០១៨​ នៅចំណុចមុខសាលាសង្កាត់ចោមចៅទី៣​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងភូមិថ្នល់បំបែក​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េ​ ពណ៌ស ​ពាក់ស្លាកលេខ ភ្នំពេញ 2M-8041 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងចេញពីច្រកសាលារៀនសុវណ្ណភូមិ​ ក្នុងទិសដៅពីត្បូងទៅជើង​ ហើយបានឆ្លងផ្លូវជាតិលេខ៤​ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងធ្វើដំណើតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកើតទៅលិចក៏បានកៀរចំថ្ពាល់រថយន្តកូរ៉េខាងស្តាំហើយបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យកៀបជាប់រងការខូចខាតអស់មួយកង់។

សាក្សីដដែលបានបន្តថា​ ភ្លាមនោះរថយន្តកុងតឺន័របានបើកគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕

មតិយោបល់