ព័ត៌មានជាតិ

ជនជាតិចិន៣នាក់ ចាប់វាយបុរសម្នាក់ជាជាតិចិនដូចគ្នា បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច នៅ​ក្រុងកោះពេជ្រ

​​ភ្នំពេញ: កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល ​ថ្ងៃ​ទី០​២ ខែវិច្ឆិកា ឆ្នាំ​២០១៨
មានករណី​បុរស​​ជនជាតិ​ចិន​​​៣​នាក់ ​ក្នុង​ចំណោម​បក្ខពួក​៤​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​បាន​ជិះ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​​SIENA ពណ៌​ស ​​បាន​ចុះ​ទៅ​ចាប់​វាយ​បុរស​ជន​រង​គ្រោះជា​ជាតិចិន​ម្នាក់ និង​ព្យាយាម​រុញ​ជន​រង​គ្រោះ​ចូល​ទៅ​ក្នុង​រថយន្ត​ បង្កឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច នៅ​ក្នុង​ក្រុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមជនសង្ស័យ​កំពុង​តែ​ដើរ​ស្វែងរក​បុរស​ម្នាក់​ដែល​បាន​ដេក​ជាមួយនឹង​ប្រពន្ធ​ខ្លួន លុះ​ពេលនោះស្រាប់តែ​ប្រទះ​ឃើញជនរងគ្រោះ ទើប​នាំ​គ្នា​ចុះ​ទៅ​ចាប់​ដើម្បី​ធ្វើការ​សួរនាំ ក៏​បង្កឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​បែប​នេះ​តែ​ម្តង​ទៅ​ ហើយក្រុម​ជនសង្ស័យ​បាន​អះអាង​ថា ចាប់​ច្រឡំ ហើយ​ក៏​ដោះ​លែង​បុរស​ជា​ជន​រង​គ្រោះ​នោះ​ឲ្យត្រឡប់​ទៅ​វិញ​ផង​ដែរ​​។

បច្ចុប្បន្ន ជនសង្ស័យ​​រួម​ទាំង​រថយន្ត​ ត្រូវបានសមត្ថកិច្ចប​ញ្ជូ​ន​បន្ត​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌចម្ការមន ដើម្បី​ធ្វើការ​សាកសួរ​ជា​បន្ត​​ទៀតផងដែរ៕

មតិយោបល់