ភ្នំពេញ: បុរសម្នាក់បើករថយន្តលឿននិងបំពានភ្លើងសញ្ញាចរាចរណ៍មិនប្រយ័ត្នក៏ត្រូវរថយន្តមួយគ្រឿងទៀតបើកមកបុកពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចខាងក្រោមស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីកែងនិងផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងជោកជាំ បើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាតាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AG-2038 និងមានប្រពន្ធរួមទាំងកូនតូចម្នាក់ទៀតរួមដំណើរជាមួយ តាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចក៏បានបើកឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ីទាំងបំពានភ្លើងសញ្ញាចរាចរណ៍ បម្រុងឆ្ពោះទៅផ្លូវ៥៩៨ដោយខ្វះការប្រុងប្រយ័ត្ន។ ខណ:ពេលនោះស្រាប់មានរថយន្តមួយគ្រឿងទៀតម៉ាក HYUNDAI SANTAFE ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ2Q-8887 ដែលបើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏ជ្រុលជ្រុលទៅរថយន្តតាកូម៉ាខាងលើចំចំហៀងខាងក្រោយផ្នែកខាងស្តាំពេញទំហឹង បណ្ដាលឲ្យរថយន្តតាកូម៉ាខ្ទៀតឡើងទៅគងលើឃឿនចិញ្ចើមផ្លូវបែរក្បាលត្រឡប់ក្រោយវិញ រងការខូចខាតក្រពឹតនិងវៀចភ្លៅកង់ខាងក្រោយ ដោយឡែករថយន្តមួយគ្រឿងទៀតរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ ហើយបានឲ្យភាគីទាំង២ធ្វើការសម្របសម្រួលដោះស្រាយគ្នា តែដោយភាគីទាំង២ធ្វើការដោះស្រាយគ្នាមិនត្រូវ សមត្ថកិច្ចជំនាញក៏ធ្វើការវាស់វែងនិងស្ទូចយករថយន្តទាំង២គ្រឿងខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕
មតិយោបល់