ព័ត៌មានជាតិ

ជនជាតិជប៉ុន បើករថយន្តហាយឡែនឌ័រ ពន្លះក្បាលនាគពុះចែកទ្រូវផ្លូវបាក់អស់២កង់ ក្រឡាប់ផ្ងារជើងទ្រមេឃ

ភ្នំពេញ: បុរសជនជាតិជប៉ុនម្នាក់ រួមដំណើរនិងស្ត្រីខ្មែរម្នាក់ទៀតបើករថយន្តមួយគ្រឿងលឿនដូចហោះ បានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្លូងផ្លូវ បណ្តាលឲ្យបាក់អស់២កង់ រថយន្តក្រឡាប់ផ្ងារជើងទ្រមេឃសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី​ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិជប៉ុនម្នាក់រួមដំណើរនិងស្រ្តីខ្មែរម្នាក់ទៀត បើករថយន្តហាយឡែនឌ័រ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AP-7417 ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះបណ្តាលឲ្យ បាក់អស់ចំនួន២កង់រថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ បន្ទាប់មកស្រ្តីខ្មែរដែលរួមដំណើរជាមួយបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់បន្សល់ទុកបុរសជនជាតិជប៉ុនជាម្ចាស់រថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានឃាត់ខ្លួន ម្ចាស់រថយន្តបង្ករួចបានប្រគល់ជូនទៅឲ្យសមត្ថកិច្ចជំនាញរួចធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់