Post News Media ព័ត៌មានជាតិ រថយន្តធុនធំ១គ...

រថយន្តធុនធំ១គ្រឿង បើកលឿនជ្រុលទៅបុករថយន្តតូច បណ្ដាលឲ្យរងការខូចខាតទាំងសងខាង រួចតៃកុងគេចខ្លួនបាត់

ភ្នំពេញ: រថយន្តធុនធំដឹកខ្សាច់មួយគ្រឿង បើកខ្វះកាប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយរថយន្តកូរ៉ូឡា ខណ:កំពុងបន្ថយល្បឿន ឲ្យរថយន្តមួយគ្រឿងទៀត ចូលភោជនីយដ្ឋាន បណ្តាលឲ្យខូចខាតទាំងសងខាង ចំណែកតៃកុងបង្កបានគេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៥៩៨ ចំណុចមុខភោជនីយដ្ឋានឡាក់គីប្រាយ ក្រុម៨ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សកែវ រាជធានីភ្នំពេញ។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3C 2540 និងមួយគ្រឿងទៀតម៉ាកកូរ៉ូទ្បា ពណ៌ស ពាក់ស្លាកលេខ​ភ្នំពេញ2AJ 0229។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាក​កូរ៉ូទ្បាខាងលើ បើកពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បានបន្ថយល្បឿន ដើម្បីឲ្យរថយន្តមួយគ្រឿងទៀត បត់ចូលភោជនីដ្ឋាន ខណ:នោះស្រាប់តែរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកស្របទិសគ្នា ក៏ជ្រុលទៅបុកពីក្រោយ បណ្តាលឲ្យខូចខាតរថយន្តទាំងសងខាង​ភ្លាមៗនោះអ្នកបើករថយន្តហ៊ីយ៉ាន់ដាយ បានគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ ចំណែកតំណាងភាគីរថយន្តបង្ក បានមកធ្វើការសម្របសម្រួល ដោះស្រាគ្នាដោយភាគីរថយន្តហ៊ីយ៉ាន់ដាយ ជួយចេញថ្លៃជួសជុលរថយន្តកូរ៉ូទ្បា ដើម្បីបញ្ចប់រឿង៕

Loading...