ព័ត៌មានជាតិ

ចិនទៀតហើយ! រថយន្តBMW បើកបុករបាំងថ្មចែកទ្រូវផ្លូវ បាក់អស់៣កង់ ដាច់កង់ម្ខាងទៅមុខលេងរួច

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ បានបើករថយន្តស៊េរីទំនើបBMWមួយគ្រឿង បោះពួយយ៉ាងលឿន ទៅបុករបាំងថ្មចែកទ្រូងផ្លូវ បាក់អស់៣កង់ រីឯរថយន្តបង្កដាច់កង់ខាងមុខផ្នែកខាងឆ្វេង ទៅមុខរួច ចំណែកម្ចាស់វិញរងរបួសបែកមុខមាត់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២ និង៣០នាទីទៀបភ្លឺរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែវិច្ឆិការ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ខាងជើងរង្វង់មូលព្រះនរាយជាង១០០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាកBMW ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ2AC-1611 ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បាក់៣កង់ ចំណែករថយន្តដាច់កង់ម្ខាងខាងមុខផ្នែកខាងឆ្វេង មិនទាន់អស់ល្បឿន បានទៅមុខប្រមាណជា១០០ម៉ែត្រ ទៅមុខលេងរួច ចំណែកម្ចាស់រថយន្តបង្ក បានរងរបួសបែកមុខបែកមាត់ មិនព្រម ចុះពីលើរថយន្តនោះទេ បន្ទាប់មកត្រូវបានមិត្តភក្តិ បើករថយន្តមួយគ្រឿងទៀត យកទៅសង្គ្រោះដោយខ្លួនឯង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់