ព័ត៌មានជាតិ

អាសូរណាស់! បុរសវ័យចំណាស់ម្នាក់ ទៅរើសអេតចាយ នៅទីលានចាក់សំរាម ស្រាប់តែត្រូវអាប៊ុលកិនស្លាប់ភ្លាមៗ

ភ្នំពេញ: កាលពីវេលាម៉ោង ៥ និង ៣០នាទីល្ងាច ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីបុរសវ័យចំណាស់ម្នាក់ ត្រូវអាប៊ុលកិនស្លាប់ភ្លាម នៅនឹងកន្លែង។

ជនរងគ្រោះមានឈ្មោះ ទឹម ធា ភេទប្រុសអាយុ៥២ ឆ្នាំមុខរបរ រើសអេតចាយ ស្នាក់នៅក្នុងទីលានចាក់សំរាម ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។ ប្រពន្ធជនរងគ្រោះមានឈ្មោះ ស្រ៊ុន សុផា ភេទស្រីអាយុ២៨ ឆ្នាំមុខរបររើសអេតចាយ ស្នាក់នៅជាមួយប្ដី ។ ចំណែកអ្នកបើកអាប៊ុល មិនបានស្គាល់អត្ដសញ្ញានោះទេ ។

ប្រភពពីប្រពន្ធជនរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោង៤រសៀល គាត់និងប្ដី បាននាំគ្នាហូបបាយរួច ប្ដីគាត់បានចេញទៅរើសអេតចាយមុន ពេលដែលទៅរើសអេតចាយនោះ ក៏មានរថយន្ដចាក់សំរាម បើកមកប្ដីរបស់គាត់ បានគេចចុះគេឡើង បណ្ដាលឲ្យដួលផ្កាប់មុខ ខណ:ដែលដួលផ្កាប់មុខនោះ ក៏ត្រូវអាប៊ុល(អាឈួសដី) រយ៉ែថយក្រោយកិនជនគ្រោះ ស្លាប់មួយរំពេច ភ្លាមៗនោះអ្នកបើកអាប៊ុល បានបើកចេញពីកន្លែងកើតហេតុ រួចចុះរត់គេចខ្លួនបាត់សម្រោល ។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋដែលរើសអេតចាយនៅលើគំនរសំរាម បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុ ។ ចំណែកសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់