ព័ត៌មានជាតិ

សមត្ថកិច្ចបង្ហាញមុខក្រុមចោរលួចរថយន្តយ៉ាងសកម្ម៣នាក់ សមគំនិតម្នាក់ ទទួលផលចោរកម្ម២នាក់

ភ្នំពេញ: ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរាជធានីភ្នំពេញបានធ្វើការបង្ហាញមុខក្រុមចោរលួចរថយន្តយ៉ាងសកម្ម៣នាក់ សមគំនិតម្នាក់ ទទួលផលចោរកម្ម២នាក់ និងវត្ថុតាងរថយន្ត៧គ្រឿងក្នុងនោះរថយន្ត៦គ្រឿង ជារបស់ជនរងគ្រោះ និង១គ្រឿងជារបស់ជនសង្ស័យ ជិះធ្វើសកម្មភាពម៉ូតូ៦ គ្រឿង ស្លាកលេខរថយន្ត១២បន្ទះ និងសម្ភារ:គ្រឿងបន្លាស់រថយន្តនិងម៉ូតូមួយចំនួន បន្ទាប់ពីឃាត់បានជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ ។

ការបង្ហាញមុខនេះធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្នងការនគរបានរាជធានីភ្នំពេញ បន្ទាប់ពីឃាត់ខ្លួននិងរឹបអូសវត្ថុតាងជាបន្តបន្ទាប់កាលពីថ្ងៃទី៣១ ខែតុលា រហូតដល់ថ្ងែទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលពាក់ពន្ធ័ទាំង៦នាក់ក្នុងនោះមាន៣នាក់ ជាអ្នកធ្វើសកម្មភាពលួចម្នាក់ ជាអ្នកសមគំនិតនិង២នាក់ទៀតជាអ្នកទទួលផលចោរកម្ម ។

ជនសង្ស័យ ដែលបង្ហាញមុខ ត្រូវបានលោកវរ:សេនីយ៍ឯកប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ១ឈ្មោះលឹម ឡេងប៊ុនរ៉ា ហៅផាន់ ណា ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ជាអ្នកលួច ,២.ឈ្មោះ លន់ រាំបូ ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅម្តុំវត្តដំបូកខ្ពស់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យជាអ្នកលួច ,៣.ឈ្មោះ ផាត់ សុឌី ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះជួល សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ជាអ្នកលួច ,៤.ឈ្មោះ គឹម សុថារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅ ផ្ទះលេខ ២២ដេ ផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាអ្នកសមគំនិតក្នុងអំពើលួចរថយន្ត,៥.ឈ្មោះ សោម ណារ៉ុង ហៅស្វិត ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ជាអ្នកទទួលផលចោរកម្ម .និង៦.ឈ្មោះ កែវ នេត្រា ភេទប្រុស អាយុ២៩ឆ្នាំ មានលំនៅ ផ្ទះលេខ ២៥M សង្កាត់ដង្កោ ខណ្ឌដង្កោ ជាអ្នកទទួលផលចោរកម្ម ។

លោក ប៊ុនសត្យា បន្តថា ដោយអនុវត្តតាមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ស្នងការក្រុងនិងដឹកនាំបញ្ជាផ្ទាល់ពីលោកស្នងការរងក្រុងទទួលផែនព្រហ្មទណ្ឌ ព្រមទាំងមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអជ្ញារងតុលាការរាជធានីភ្នំពេញ សហការជាមួយអធិការខណ្ឌឫស្សីកែវ ស្នងការខេត្តព្រះសីហនុ ស្នងការខេត្តកណ្តាល ធ្វើការបង្ក្រាបករណីលួចរថយន្ត និងទទួលផលចោរកម្មចំនួន៦ករណី ឃាត់ជនសង្ស័យចំនួន៦នាក់ ក្នុងនោះស្រីម្នាក់បានរថយន្ត៧គ្រឿង ម៉ូតូចំនួន៦គ្រឿង ស្លាកលេខរថយន្តចំនួន១២បន្ទះនិងគ្រឿងបន្លាស់រថយន្តនិងម៉ូតូមួយចំនួន ។

លោកបន្តថាក្រោយពីបង្ហាញមុខជាសាធារណ: ជនសង្ស័យទាំង៦នាក់ក៏ត្រូវបានបញ្ជូនទៅតុលាការរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ហើយរថយន្តទាំងអស់ត្រូវប្រគល់ជូនជនរងគ្រោះវិញផងដែរ ៕

មតិយោបល់