Post News Media ព័ត៌មានជាតិ ជនជាតិ​អូស្ត្...

ជនជាតិ​អូស្ត្រាលី​ម្នាក់​ ចូល​ហូប​បាយ​មិន​ឲ្យ​លុយ​ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ និង​ស្នាក់​នៅ​លើស​ទិដ្ឋាការ​ ត្រូវ​នគរបាល​ឃាត់ខ្លួន​

​ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃអាទិត្យ​ ១១​រោច​ ខែអស្សុជ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៤​និង​៤០​នាទី​ ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ ផែនការ​ងារ​អន្តោប្រវេសន៍​ បាន​ទទួល​ជនបរទេស​ម្នាក់​ ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ ខណ្ឌចំការមន​ ពី​បទ​ជន​នេះ​ចូល​ហូប​បាយ​មិន​ឲ្យ​លុយ​ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ និង​ស្នាក់​នៅ​លើស​ទិដ្ឋាការ​។​

​លោក​វរសេនីយ៍ទោ​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ជនបរទេស​ខាងលើ​ឈ្មោះ​ TAYLOR​ CHAILLE​ MAR​ ភេទ​ស្រី​ អាយុ​៤៧​ឆ្នាំ​ ជនជាតិ​អូស្ត្រាលី​។​

​លោកនាយ​ការិយាល័យ​បន្ត​ថា​បន្ទាប់​ពី​ឃាត់ខ្លួន​កម្លាំង​ការិយាល័យ​បាន​សាកសួរ​ ឃើញ​ថា​ជន​នេះ​ចូល​មក​ ប្រទេស​កម្ពុជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០១៨​ តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ និង​គោលបំណង​ទេសចរណ៍​។​ តាម​ការ​សាកសួរ​ បានឲ្យ​ដឹង​ថា​ លិខិតឆ្លងដែន​ជន​នេះ​បាន​ (​លើស​ទិដ្ឋាការ​ស្នាក់​នៅ​ ថ្ងៃ​ទី​០៤​ ខែតុលា​ ឆ្នាំ​២០១៨)​ គ្មាន​លទ្ធភាព​បង់ថ្លៃ​ទិដ្ឋាការ​ស្នាក់​នៅ​ និង​កន្លែង​ស្នាក់​នៅ​។​ បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​ បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​៕

Loading...