Post News Media ព័ត៌មានជាតិ រថយន្តដឹកដី រ...

រថយន្តដឹកដី រអិលធ្លាក់ពីលើការដ្ឋានកាយដីភ្នំអត់ច្បាប់មួយកន្លែង ស្លាប់អ្នកបើកបរក្រោមគំនរដី

បន្ទាយមានជ័យ: យោងតាមរបាយការណ៍របស់សមត្ថកិច្ចនៃស្រុកព្រះនេត្រ​ព្រះបានឲ្យដឹងថា​ មានឧបទ្ទវហេតុរថយន្តដឹកដីរអិលធ្លាក់ពីលើភ្នំ​ ហើយបណ្តាលឲ្យអ្នកបើកបរម្នាក់ស្លាប់កប់ក្រោមគំនរដី។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៥៥នាទីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

របាយការណ៍បានឲ្យដឹងផងដែរថាជនរងគ្រោះឈ្មោះ ឃិញ ស៊ី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរស៊ីឈ្នួល បើកបររថយន្តដឹកដី​ឲ្យថៅកែឈ្មោះសឿម​ សំបូរ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។

នៅមុនកើតពេលកើតហេតុគឺជនរងគ្រោះបានបើករថយន្តម៉ាកHINO ពាក់ស្លាកលេខ បាត់ដំបង 3A-1007 ឡើងទៅលើថ្មភ្នំទ្រយោង ដើម្បីដឹកដីភ្នំក្នុងការដ្ឋានកាយថ្មភ្នំ ដែលគេសង្ស័យថាមិនមានអាជ្ញាបណ្ណ័ពីមន្ទីរពាក់ពន្ធ័ដែលមានកម្ពស់ប្រមាណជាង៧០ម៉ែត្រ។ ខណ:កំពុងតែឈប់រថយន្តឲ្យអេស្កាចូកដីដាក់​ អ្នកបើកបរបានឡើងមកឈរលើកាប៊ីន ស្រាប់តែរថយន្តរអិលចំណោទធ្លាក់មកជើងភ្នំតែម្តងហើយបណ្តាលឲ្យរថយន្តក្រឡាប់ចាក់ដីគ្របពីលើអ្នកបើកបរស្លាប់ក្នុងគំនរដីយ៉ាងអណោចអាធ័ម។

ថ្លែងប្រាប់អ្នកយកព័ត៌មាន​ លោក ឃូរ ពៅ អភិបាលស្រុកព្រះនេត្រព្រះបានបញ្ជាក់ប្រាប់ថា ជាការពិតចំណុចដែលកាយដីភ្នំទ្រយោងស្ថិតភូមិទ្រយោងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះនេះដូចជាមិនទាន់មានច្បាប់អនុញ្ញាតឲ្យកាយដីភ្នំលក់នៅឡើយ ហើយគ្រាន់តែលឺថាកំពុងរត់ច្បាប់កាយដីភ្នំទ្រយោងតែមិនទាន់បានដឹងថាបានច្បាប់ហើយរឺនៅនោះទេ។
លោកបានបញ្ជាក់បន្ថែមថា៖មូលហេតុដែលរថយន្តបែនឡើងដឹកដីភ្នំបណ្តាលរអិលធ្លាក់រថយន្តសង្កត់ស្លាប់នេះ គឺបណ្តាលមកពីអ្នកបើកបរមានការធ្វេសប្រហែសរថយន្តផ្ទុកធ្ងន់​លើផ្លូវចំណោទខ្លាំងទើបធ្វើឲ្យដាច់ហ្រ្វាំងរអិលធ្លាក់តែម្តង។

ប្រភពដែលអាចទុក​បាន​ បាននិយាយថា​ ការដ្ឋានកាយថ្មភ្នំរបស់ឈ្មោះ​ សឿម​ សំបូរ​ ខាងលើនេះ​ទើបតែទទួលបានអាជ្ញាបណ្ណ័ថ្មីៗ​ តែអាជ្ញាបណ្ណ័នោះអនុញ្ញាតិឲ្យកាយតែដីស្រែនិងចំការប៉ុណ្ណោះតែម្ចាស់ការដ្ឋានបែរជាទៅកាយលើភ្នំទៅវិញ​ ។ ប្រភពក៏បានបញ្ជាក់បន្ថែមថា​ ម្ចាស់ការដ្ឋានអាចកាយខុសទីតាំងអាជ្ញាបណ្ណ័រហូតមានឧបទ្ទវហេតុយ៉ាងដូច្នេះគឺប្រហែលជាទទួលភ្លើងខៀវពីអាជ្ញាធរស្រុកទើបអាចដំណើរការបានដោយរលូន៕

Loading...