ព័ត៌មានជាតិ

រថយន្ត​បុក​រថយន្ត​ត្រង់ចំណុច​ផ្លូវបំបែកជាបួន បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: ​ រថយន្ត​ស៊េរី​ទំនើប២​គ្រឿង​បើកបោះ​ពួយ​យ៉ាង​លឿន​ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រង់​ចំណុច​ផ្លូវ​បំបែក​ជា​បួន​ ហើយក៏​បុក​គ្នា​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​រងការខូចខាត​យ៉ាង​ដំណំ​ទៅ​លែង​មុខ​។ ហេតុការណ៍នេះ​កើត​ឡើង​កាលពីវេលា​ម៉ោង​១០និង១០នាទី​យប់​ ថ្ងៃ​ទី​០៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ខាងកើត​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​បឹងកក់​ទី​១​ ខណ្ឌ​ទួល​គោក​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបានឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​បរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ម៉ាស្តា​BT50 ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AW-1997​ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣១៧​ ក្នុងទិសដៅពីជើង​ទៅត្បូង​។ លុះមកដល់ចំណុចកើតហេតុ​រថយន្តខាងលើក៏បានបើកឆ្លងកាត់ផ្លូវ៥២៨​ ដោយខ្វះការប្រុងប្រយ័ត្ន​ ខណ:​ពេលនោះស្រាប់មានរថយន្ត​មួយគ្រឿងទៀត​ម៉ាក​ ឡិចស៊ីស​RX​៤០០​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AL-5289 ដែលបើកបរដោយបុរសម្នាក់​ តាមបណ្តោយ​ផ្លូវ​៥២៨​ ក្នុងទិស​ដៅ​ពី​កើត​ទៅលិច​ និងក្នុងល្បឿនយ៉ាងលឿន​។ មិនបានប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុក​រថយន្ត​ខាងលើ​ចំផ្នែកខាងមុខចំហៀងខាងឆ្វេង​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​រថយន្ត​ម៉ាស្តារងការខូចខាត​ក្រពឹត​និងដាច់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេង​។ ចំណែកឯ​រថយន្ត​ឡិចស៊ីស​រងការខូចខាត​ក្រពឹតផ្នែកខាងមុខ​យ៉ាង​ដំណំ​ តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​ណា​ម្នាក់​រងរបួស​នោះ​ទេ​។ ភ្លាមៗ​នោះ​អ្នក​បើក​បរ​រថយន្តទាំង២​គ្រឿង​ បានចុះ​ពីលើរថយន្ត​រួច​គេចខ្លួន​ចេញពី​កន្លែង​កើត​ហេតុ​បាត់​ស្រមោល​ សន្សល់​ទុក​តែ​រថយន្ត​ទាំង២​គ្រឿង​នៅ​កន្លែង​កើត​ហេតុ​។

ក្រោយ​ពេល​កើត​ហេតុ​ក៏ឃើញ​មាន​ដំណាង​របស់​រថយន្ត​ទាំង​២គ្រឿង​ខាងលើ​បានមកធ្វើការដោះស្រាយគ្នានៅកន្លែងកើតហេតុ​ តែដោយនិយាយមិនត្រូវគ្នាក៏ប្រគល់សមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តទាំង​២គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕

មតិយោបល់