ព័ត៌មានជាតិ

សន្តិសុខក្រុមហ៊ុន EPS ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទរំលោភលើសេចក្ដីទុកចិត្ដ នៅក្រុងតាខ្មៅ

កណ្ដាល: នគរបាលក្រុងតាខ្មៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ យកមកអធិការដ្ឋាននគរបាលក្រុង ដោយជាប់ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ដ។

ការឃាត់ខ្លួននេះ បានកើតឡើងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចក្រុមហ៊ុនស៊ីភី ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ យ៉ាន់ កុសល្យ ហៅនិត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុខ ក្រុមហ៊ុន EPS បច្ចុប្បន្នស្នាក់នៅក្នុងក្រុមហ៊ុនស៊ីភី ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ចំណែកជនរងគ្រោះឈ្មោះ ងឿម បុប្ផា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរកម្មការិនីក្រុមហ៊ុនស៊ីភី មានទីលំភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ដោយឡែកទ្រព្យសម្បត្ដិបាត់បង់មានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ1AW-4140 ។

សមត្ថកិច្ចបានឲ្យដឹងថា កន្លងមកជនសង្ស័យ និងនារីរងគ្រោះ បានធ្វើការនៅក្នុងក្រុមហ៊ុនស៊ីភី ដោយជនសង្ស័យជាសន្ដិសុខ រីឯនារីជាកម្មការិនី ហើយបានទំនាក់ទំនងស្គាល់គ្នា រហូតមកដល់ថ្ងៃកើតហេតុ ជនសង្ស័យខាងលើ បានខ្ចីម៉ូតូនារីរងគ្រោះថា ទៅយកឥវ៉ាន់នៅរាជធានីភ្នំពេញ រីឯនារីរងគ្រោះ ក៏យល់ព្រមឲ្យជនសង្ស័យខ្ចីម៉ូតូដែរ ។
ក្រោយពីជនសង្ស័យ ខ្ចីម៉ូតូបានរួច ភ្លាមនោះជនសង្ស័យ ក៏ជិះម៉ូតូទៅបាត់រហូតតែម្ដង ពុំយកម៉ូតូឲ្យនារីរងគ្រោះវិញទេ ដោយនារីរងគ្រោះរង់ចាំយូរ មិនឃើញជនសង្ស័យ យកម៉ូតូមកឲ្យខ្លួនវិញ រហូតមកដល់វេលាម៉ោង២១និង១០នាទីយប់ ទើបសម្រេចដាក់ពាក្យបណ្ដឹង នៅសមត្ថកិច្ចក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះរួច ភ្លាមនោះសមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកអធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូ របស់ជនរងគ្រោះប្រាកដមែន ហើយយកម៉ូតូនោះ ទៅបញ្ចាំនៅហាងបញ្ចាំ មិនចាំយីហោទឹនៅម្តុំផ្សារឃ្លាំងរំសេវ ដោយបានលុយចំនួន៥០០ដុល្លារ យកទៅឲ្យមិត្តភក្ដិខ្ចីអស់បាត់តែម្ដង៕

មតិយោបល់