Post News Media ព័ត៌មានជាតិ លួចម៉ូតូគេយកទ...

លួចម៉ូតូគេយកទៅបញ្ចាំ បានប្រាក់២០០ដុល្លារចាយអស់ ត្រូវម្ចាស់តាមរកឃើញ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូរបស់អ្នកស្គាល់គ្នា យកទៅបញ្ចាំ បានប្រាក់ចំនួន២០០ដុល្លារ ចាយអស់ហើយ តែត្រូវម្ចាស់ម៉ូតូតាមរកឃើញ ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទឹកថ្លា។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៧ និង១០នាទី នៅចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ យ៉េន ឌីណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ គង់ ឌីណា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹថ្លា ខណ្ឌសែនសុខ ។

សម្ភារបាត់បង់រួមមាន៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខកំពង់ស្ពឺ1K-8718 (របស់ជនរងគ្រោះ) ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង៤០នាទី ជនរងគ្រោះ បានយកម៉ូតូរបស់ខ្លួនទុក នៅមុខបន្ទប់ជួល ត្រង់ចំណុចកើតហេតុ រួចបានយកកូនសោរម៉ូតូទុក នៅលើតុក្នុងបន្ទប់ជួលរបស់ខ្លួន ស្រាប់តែជនសង្ស័យ ត្រូវជាមិត្តភក្ដិស្គាល់គ្នា និងស្នាក់នៅបន្ទប់ជួល ជិតជនរងគ្រោះ បានចូលទៅក្នុងបន្ទប់ជនរងគ្រោះលេង ពេលជនរងគ្រោះភ្លេច ខ្លួន ជនសង្ស័យបានលួចយកកូនសោរម៉ូតូពីលើតុ រួចចាក់បញ្ឆេះម៉ូតូ ជិះចេញយកនៅបញ្ចាំ នៅម្តុំផ្សារឃ្លាំងរំសេវ បានប្រាក់ចំនួន២០០ដុល្លារ ។
លុះជនរងគ្រោះចុះមករកម៉ូតូរបស់ខ្លួន មិនឃើញ ក៏មានការសង្ស័យទៅលើជនសង្ស័យ រួចបានដើររក ជនសង្ស័យឃើញ ម្តុំខាងក្រោយឡឺប្រេស៊ីដង់ និងសួរនាំហើយនាំខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍ទឹកថ្លា ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹង ចោទប្រកាន់ជនសង្ស័យតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

Loading...