ព័ត៌មានជាតិ

មន្រ្តី​កាំកុងត្រូល រកឃើញនំបាញ់ឌុក​មានសារធាតុបូរ៉ាក់​​«BORAX​»​នៅតាមបណ្តាយផ្សារក្នុងរាជធានីភ្នំពេញ!

ភ្នំពេញ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ សាខាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សាខាកំពង់ផែអន្តរជាតិភ្នំពេញ សាខាផែស្ងួតចុងទីភ្នំពេញ​ និងសាខារាជធានីភ្នំពេញ ដោយទទួលបានការសហការពីគណ:កម្មការផ្សារ បន្តចុះត្រួតពិនិត្យទំនិញ និងប្រចាំការនៅតាមបណ្តាផ្សារក្នុងរាជធានីភ្នំពេញ ចំនួន៩ ផ្សារ រួមមាន៖ ផ្សារសិនជូរីផ្លាស្សា ផ្សារជម្ពូវ័ន ផ្សារច្បារអំពៅ ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង ។ គោលបំណង គឺដើម្បី ស្រាវជ្រាវ និងទប់ស្តាត់នូវទំនិញខូចគុណភាព ទំនិញហួសរយ:ពេលប្រើប្រាស់ ឬមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ឬធ្វើឱ្យខាតបង់ផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ។

ក្នុងសកម្មភាពនេះ មន្រ្តីកាំកុងត្រូលបានធ្វើតេស្តបឋម ទៅលើម្ហូបអាហារ មួយចំនួនដូចជា៖ គុយទាវសរសៃតូច មីគ្រប់មុខ លតគ្រប់មុខ បាញ់កាញ់ សៀង គ្រឿងសមុទ្រ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ ស្ករត្នោត នំបញ្ចុក ខ្ញីហាន់ ណែមសាច់ត្រី បង្គា សាច់គោ និងនំបាញ់ឌុប ដើម្បីរកនៅសារធាតុគីមីហាមឃាត់ និងបានត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេចនៅតាមតូបលក់ទំនិញ មួយចំនួន​ ។

លទ្ធផលមន្រ្តីជំនាញបានរកឃើញ​ និងដកហូតនំបាញ់ឌុក​ចំនួន​ ២​ គីឡូក្រាមមានសារធាតុបូរ៉ាក់ “BORAX” មកកម្ទេចចោ​ល​ ។ មន្រ្តីជំនាញបានធ្វើការពន្យល់ណែនាំ អំពីសុវត្ថិភាពចំណីអាហារ និងអប់រំច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ដល់អាជីករដទៃទៀតផងដែរ​ ៕

មតិយោបល់