Post News Media ព័ត៌មានជាតិ តូចក៏ចាប់ ធំក...

តូចក៏ចាប់ ធំក៏ចាប់! ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានទាំងថ្នាំញៀននិងដាវ!

កំពង់ចាម: កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល នៅចំណុចភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (វិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ឈ្មោះ នឿន សម្បត្តិ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្នុងនោះដែរ សមត្ថកិច្ចបានរឹបអូសម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន១ កញ្ចប់តូច ទូរសព្ទម៉ាកអិនចុចពិល ចំនួន១គ្រឿង ដាវចំនួន១ដើម ឧបករណ៍វេចខ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន។

តាមចម្លើយរបស់ជនសង្ស័យខាងលើបានឆ្លើយសារភាពថាថ្នាំញៀន ១កញ្ចប់តូចដែលខ្លួនទិញយកមកលក់បន្តនោះ គឺទិញពីឈ្មោះ ជា ច័ន្ទសម្បត្តិ ហៅពៅ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិអំពិលក្រោម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម សមត្ថកិច្ចយើងក៏បន្តឃាត់ឈ្មោះ ជា ច័ន្ទសម្បត្តិ ហៅពៅ ដែលជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ចាម 1S-1845 មកផ្ទះឈ្មោះ នឿន សម្បត្តិ នៅភូមិអំពិលលើ ឆែកឆេររកនៅខ្លួនរកឃើញម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន១កញ្ចប់តូច ទូរសព្ទចំនួន២គ្រឿង ម៉ាកចុចពិល មួយគ្រឿង និងម៉ាកអ៉ុបប៉ូមួយគ្រឿង និងឆែកឆេរនៅផ្ទះឈ្មោះ ជា ច័ន្ទសម្បត្តិ នៅភូមិអំពិលក្រោម ឃុំអំពិល រកឃើញជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនចំនួន១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ជំនាញបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនឲ្យការិយាល័យគ្រឿងញៀនខេត្តចាត់ការបន្ត៕

Loading...