ព័ត៌មានជាតិ

រថយន្តដឹកហ្គាស ពន្លះម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យរបួសមនុស្ស ២នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តដឹកហ្គាស បើកបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យរងរបួសមនុស្ស ២នាក់ កាលពី​វេលា​ម៉ោង១០ និង២០នាទី​យប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ តាម​បណ្តោយ​ផ្លូវ៣៧៤ កែង​ផ្លូវ១៧៣ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ២ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្ត​កូរ៉េ​ធុន​តូច​មួយគ្រឿង ដឹក​ធុង​ហ្គាសធំៗ ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះសីហនុ 2A-8375 បានធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ​ទៅបុក​​ម៉ូតូ​មួយគ្រឿង ម៉ាក MSX ពាក់​ស្លាក​លេខ​ភ្នំពេញ 1FA-4096 ឌុប​គ្នាពីរនាក់ ធ្វើដំណើរ​​ពី​កើ​តទៅ​លិច ​ចំពាក់​កណ្តាលម៉ូតូ​ពេញទំហឹង​តែម្ដង បណ្តាល​ឲ្យ​ប៉ើង​អ្នក​ទាំងពីរ ​បោក​ផ្ទប់​និង​កញ្ចក់​រថយន្ដ រង​បួស​សន្លប់​ស្តូកស្តឹង រីឯ​ម្នាក់ទៀត រលាត់​ដៃជើង​ចេញឈាម (របួស​ស្រាល)។

អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ ប៊ុន ឈឿន ភេទ​ប្រុស ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបាន​រថយន្ដ​សង្គ្រោះ​គ្លីនិក​ឯកជន ហុង ហាក់ ដឹក​យកទៅ​សង្គ្រោះ​ នៅឯ​មន្ទីរពេទ្យ។

ចំណែក​ម៉ូតូ​ រួមទាំង​រថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ យកទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់