ព័ត៌មានជាតិ

រថយន្តឡង់គ្រីស័រ​ ស៊េរី​០១៨​ ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AV-0079 បុករះរបាំងថ្ម, ដើម​ផ្កា​រំយោល និង​របង​សាលាជាស៊ីមសាមគ្គី ក្រឡាប់​ឆេះ​ខ្ទេច!!!

ភ្នំពេញ: បុរស​វ័យ​ប្រហែល​២៥ឆ្នាំម្នាក់ ​សង្ស័យ​ស្រវឹង​ស្រា​បើកបរ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ បោះ​ពួយ​យ៉ាង​លឿន​ដូចហោះ​ ហើយ​ក៏​រេចង្កូត​ទៅ​បុក​របាំងថ្ម​ពុះ​ចែក​ទ្រូងនិងបន្តឆ្លងទៅផ្លូវម្ខាងទៀត​ទៅបុកនិង​ដើមផ្កា​រំយោល​មួយដើម​រួម​ទាំង​របងសាលា​ជាស៊ីម​សាមគ្គី​មួយផ្ទាំង​ បណ្តាលឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារ​ជើង​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​រថយន្ត​អស់ទាំង​ស្រុង​ បង្កឲ្យមានការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ប្រជាពលរដ្ឋ​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​កាលពីវេលា​ម៉ោង​១០​និង​៥០នាទី​យប់​ ថ្ងៃ​ទី​០៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ខាង​មុខ​វិទ្យា​ល័យ​ ជា​ ស៊ីម​សាមគ្គី​ តាមបណ្ដោយ​ផ្លូវ​២៧១​ ស្ថិតក្នុងសង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌ​ទួល​គោក​។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​ទំនង​ជា​ស្រវឹង​ស្រា​ បាន​បើក​បរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ឡង់គ្រីស័រ​ ស៊េរី​០១៨​ ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AV-0079។ ដោយធ្វើដំណើរតាម​បណ្តោយផ្លូវ​២៧១​ ក្នុងទិស​ដៅបើក​មកពីស្តុបណូគា​ឆ្ពោះ​ទៅ​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​ និងក្នុង​លឿន​យ៉ាង​លឿនដូចហោះ​។ លុះមកដល់ចំណុច​កើត​ដែលផ្លូវ​មាន​ស្ថានភាព​កោង​ ស្រាប់​តែ​រថយន្ត​បង្ក​ខាង​លើ​បានរេចង្កូតទៅ​ខាងឆ្វេង​ទៅបុកនិងរបាំង​ថ្ម​ពុះចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​បែកអស់មួយ​ចំណិត​ធំ​ល្មម​ តែ​រថយន្ត​បង្ក​នៅ​មិន​ទាន់​អស់​ល្បឿន​ ក៏ជ្រុល​ចង្កូត​ឆ្លងទៅផ្លូវ​ ទៅ​បុកបង្គោល​ថ្ម​របស់​សាលា​ដែល​​សម្រាប់​ថ្ពក់​ច្រវាក់ដាក់​ពទ្ធជុំវិញ​របងសាលា​បណ្ដាល​ឲ្យ​បាក់​អស់៣ដើម​។ ប៉ុន្តែ​រថយន្ត​បង្ក​នៅ​តែ​មិន​ទាន់​អស់​ល្បឿន​ក៏ជ្រុល​ឡើង​លើឃឿន​ទៅ​បុក​ដើមផ្កា​រំយោលទំ​ហំ​ប្រមាណ​ពីរ​ទឹក​ចំនួន​មួយដើម​បណ្ដាល​ឲ្យ​បាក់ដាច់ជា២កំណាត់​។​ ហើយរថយន្ត​បង្កក៏បានខ្ទាតផ្លោងទៅប៉ះនឹងរបង​សាលាមួយផ្ទាំងរងការខូចខាតបែក​ប្រេះ​ ទើបបណ្តាលឲ្យក្រឡាប់​ផ្ងារ​ជើង​បែរក្បាលត្រឡប់ក្រោយ​គង​លើដើម​ផ្កា​រំយោល​មួយដើម​ទៀត​រងការខូចខាតយ៉ាងដំណំ។​

ប្រភព​ដដែល​បន្ត​ថា​ មួយស្ទុះក្រោយមកក៏ឃើញបុរសដែលជាអ្នកបើកបររថយន្តបង្កខាងលើ​ បានវាចេញមកពីក្នុងរថយន្តរួចបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល​។​ បន្ទាប់​មកក៏ស្រាប់​តែមានផ្សែង​ហុយ​ខ្មួលខ្មាញ់​​លាយឡំ​នឹង​​អណ្ដាត​ភ្លើង​ចេញមកពីក្នុងរថយន្ត​ខាងលើ​។ ភ្លាមនោះ​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាននាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មកបាញ់​ពន្លត់​អស់២ទៅ៣​បំពង់​ ប៉ុន្តែ​អណ្ដាត​ភ្លើង​នៅ​តែបន្តឆាបឆេះរថយន្តបង្កកាន់តែខ្លាំងៗ​។ ហើយ​ប្រជាពលរដ្ឋ​ក៏បាន​រាយការណ៍​ជូនសមត្ថកិច្ច​មូល​ដ្ឋាន​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​។ រួច​ក៏​មានរថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​មួយ​គ្រឿង​ចុះ​មក​ ហើយ​ក៏​បាន​ធ្វើ​ការ​បាញ់​ពន្លត់​ ទើប​រលត់​ជា​ស្ថាពរ​ បង្ក​រថយន្ត​ខាងលើ​រង​ការ​ខូចខាត​អស់​តែកោងដែកតែ​ប៉ុណ្ណោះ​។

ក្រោយពេលកើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​ស្ទូច​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ឯ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ម្ចាស់​ចូល​ខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕

មតិយោបល់