ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ នាំចេញអនីតិជនដោយមិនស្របច្បាប់ និងរួមភេទជាមួយអនីតិជន!

បន្ទាយមានជ័យ: កាលពីវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី នាំចេញអនីតិជនដោយមិនស្របច្បាប់ និងរួមភេទជាមួយអនីតិជន ប្រព្រឹត្តកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

យោងពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ ឈ្មោះ ជ.ស និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ថុង ចាន់ធី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះ បានឲ្យដឹងថា ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យខាងលើបានមកបបួលកូនរបស់ខ្លួនចេញទៅដើរលេងខាងក្រៅ ហើយបាត់ឈឹងមិនឃើញត្រឡប់មកផ្ទះវិញ ក៏មកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្តង ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖ ខ្លួនបានបបួលជនរងគ្រោះចេញទៅដើរលេងខាងក្រៅ និងរួមភេទជាមួយជនរងគ្រោះបានចំនួន ០៤ដង ដោយមានការព្រមព្រៀងគ្នា ពុំមានការបង្ខិតបង្ខំអ្វីឡើយ ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមការបំភ្លឺរបស់ជនរងគ្រោះ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ (នាំចេញអនីតិជនចេញដោយខុសច្បាប់ និងរួមភេទជាមួយអនីតិជន) បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់