ព័ត៌មានជាតិ

រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​របស់​ក្រុមហ៊ុន​ជីអ៊ិល ​កៀររថយន្តកូរ៉ូឡា ​ខ្ទេច​មួយចំហៀង!

ភ្នំពេញ: បុរស​ម្នាក់​បើក​រថយន្ត​ក្រឡុកស៊ីម៉ង់ត៍ ​បើករថយន្ត​មួយ​គ្រឿង​មិន​ប្រយ័ត្ន​ក៏ជ្រុល​ទៅ​កៀររថយន្តកូរ៉ូឡា​មួយ​គ្រឿង​ទៀត ​ដែល​បើកស្រប​ទិសគ្នា​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​។ ហេតុការណ៍​នោះ​កើត​ឡើង​កាលពីវេលា​ម៉ោង​៧និង៣០នាទី​យប់​ ថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨ត្រង់ចំណុច​តាមបណ្តោយផ្លូវ​១០០៣​ កែងនិងផ្លូវ១៩៥៨​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌសែនសុខ​។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា​នៅមុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​បរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ហ្វូយហ្សូ ពណ៌ស​ ជារថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​របស់​ក្រុមហ៊ុន​ជីអ៊ិល​ ពាក់ស្លាកលេខ ​ភ្នំពេញ 5A-0705​ ដោយធ្វើដំណើរតាម​បណ្តោយផ្លូវ​១០០៣​ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះមកដល់ចំណុច​កើត​ហេតុក៏មានរថយន្តមិនចាំម៉ាក​មួយគ្រឿង​ដោយ​បើកតាមបណ្តោយផ្លូវ១៩៥៨​ ដែលបានបើកឆ្លងកាត់ផ្លូវ១០០៣​ ហើយរថយន្តក្រឡុក​ស៊ីម៉ង់ត៍​ខាងលើក៏បាន​បើកគេច​ពី​រថយន្ដ​នោះ​ មកខាងស្តាំដៃដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏ជ្រុល​ចង្កូត​ទៅ​កៀរ​រថយន្ដ​មួយ​គ្រឿងទៀត​​ម៉ាក​ កូរ៉ូឡា​៩៨​ ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ ​ភ្នំពេញ ​2N-9049 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ ក្នុង​ទិសដៅ​ស្របទិសគ្នា​ ទន្ទឹម​ខាងស្តាំនិងរថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ខាងលើ​ បណ្តាល​ឲ្យ​រថយន្ត​កូរ៉ូឡា​រង​ការ​ខូចខាត​ដាច់កញ្ចក់មើលក្រោយ​ និងក្រពឹត​មួយចំហៀងផ្នែក​ខាង​ឆ្វេង។​ ចំណែក​ឯ​រថយន្ត​បង្ក​រងការខូចខាត​បន្តិចបន្តួច​។

ក្រោយពេលកើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះមក​ដល់​កន្លែង​កើត​ហេតុ​ ហើយ​បាន​ឲ្យភាគី​ទាំងពីរ​ធ្វើ​ការ​ចរចារ​ដោះស្រាយ​គ្នា​ ហើយដោយភាគីទាំង២មិនចង់មាន​រឿង​វែង​ឆ្ងាយ​ ក៏​សម្របសម្រួល​ព្រម​ព្រៀង​គ្នា​ដោយភាគី​ខាង​រថយន្តបង្ក​ព្រម​យករថយន្ត​រងគ្រោះទៅ​ជួសជុល​ឲ្យ​ដើម្បី​បញ្ចប់​រឿង​នៅ​និង​កន្លែង​កើត​ហេតុ​៕

មតិយោបល់