ព័ត៌មានជាតិ

បុរសម្នាក់ចូលម៉ាស្សា នៅហាងកោសជប់ម៉ាស្សាអរគុណចា៎ ស្រាប់តែគាំងបេះដូងស្លាប់បង្កការភ្ញាក់ផ្អើល!

ភ្នំពេញ: ​បុរសម្នាក់បានចូលម៉ាស្សានៅហាងកោសជប់ម៉ាស្សាអរគុណចា៎​ ម៉ាស្សាកោសជប់គាំងបេះដូងស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ១៤៤ ផ្លូវ៥៩៨ ក្រុម៣ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះឈ្មោះ សាយ​ ចន្ថា ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១ផ្លូវP2បុរីរិទ្ធ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិគគ្រួស ឃុំព្រៃធំ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

សមត្ថកិច្ចបន្តថានៅវេលាម៉ោង១០ព្រឹកថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះបានមកម៉ាស្សានៅហាងម៉ាស្សាមួយកន្លែងយីហោអរគុណចា៎​ ម៉ាស្សាកោសជប់ ពេលមកដល់ជនរងគ្រោះបានចូលទៅក្នុងបន្ទប់គ្មានលេខដេកផ្កាប់មុខដើម្បីឲ្យបុគ្គលិកម៉ាស្សាឲ្យ រួចហើយជនរងគ្រោះខាងលើបានប្រាប់បុគ្គលិកម៉ាស្សាឈ្មោះ ហៀង ស្រីលក្ខ ជួយច្របាច់ឲ្យខ្លាំងៗអស់រយ:ប្រហែល១០នាទី អ្នកម៉ាស្សាបានស្រែកហៅម្ចាស់ហាងប្រាប់ថាភ្ញៀវគាត់មានសភាពមិនស្រួល រួចម្ចាស់ហាងឈ្មោះ នួន ស្រលៀវ ភេទស្រី បានទូរស័ព្ទមកសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២តែម្តង។
លុះដល់វេលាម៉ោង១១និង២០នាទី សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុបានឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។

ឆ្លងតាមការពិនិត្យនិងបញ្ជាក់របស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង​សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ ជនរងគ្រោះបានស្លាប់ដោយគាំងបេះដូង រួចបានប្រគល់សាក សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត​៕

មតិយោបល់