ព័ត៌មានជាតិ

អាសូរណាស់! ២នាក់ប្តីប្រពន្ធអ្នករើសអេតចាយ ជិះម៉ូតូឌុបគ្នាត្រូវរថយន្តដឹកសសរគ្រឹះ បុកស្លាប់ប្រពន្ធមួយរំពេច ប្តីរបួសស្រាល

ភ្នំពេញ: នៅវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ​មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងបុរសជាប្តីរងរបួសស្រាល​។

​​នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូ​ម៉ាក ហុងថា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Q-2588ជិះគ្នា២នាក់ប្តីប្រពន្ធ​ ឈ្មោះ សុន យេក ភេទស្រី អាយុ៤៣ឆ្នាំ (ស្លាប់) មុខរបរ រើសអេតចាយ មានស្រុកកំណើតនៅ ភូមិតាសឹង ឃុំបឹងណាយ ស្រុកព្រៃឈ ខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់នៅទីលានចាក់សំរាម និងប្តីឈ្មោះ ម៉ុត ថុន អាយុ៤៣ឆ្នាំ​(​រងរបួសស្រាល​) មុខរបរ រើសអេតចាយ ស្នាក់នៅជាមួយគ្នា ខណ:ដែលមកកន្លែងកើតហេតុ ក៏ត្រូវរថយន្ត​ម៉ាក FUSU ជាប្រភេទរថយន្តសណ្តោង ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0079 កន្ទុយក្រោយពាក់ស្លាកលេខ ទ-0614 ភ.ព4 ដឹកសសរបុកគ្រិះ អ្នកបើកបរ​ឈ្មោះ ម៉ៃ សាន ភេទប្រុស អាយុ៣៣ឆ្នាំ ស្រុកកំណើត ភូមិត្រពាំងបាន ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មុខរបរ បើកបររថយន្ត ​ដែលបើកមកពីក្រោយបុក បណ្តាលឲ្យ​​ស្រ្តីជាប្រពន្ធស្លាប់និងប្តីរងរបួសស្រាលតែម្តង។

​​​ក្រោយពេលកើតហេតុ សមត្ថកិច្ចធ្វើការវាស់វែងរួចសពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ច(PL)យកទៅរក្សាទុកនៅការិយាល័យសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំការដោះស្រាយនាពេលក្រោយ៕

មតិយោបល់