Post News Media ព័ត៌មានជាតិ កម្លាំងនគរបាល...

កម្លាំងនគរបាលចម្រុះចុះឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៥នាក់ ពាក់ព័ន្ធការរកស៊ីពពោះជំនួស

ភ្នំពេញ: កម្លាំងនគរបាលការិយាល័យប្រឆាំង​ការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌសែនសុខ និងអធិការនគរបាលខណ្ឌ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះបង្ក្រាបទីតាំងមួយកន្លែង ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធករណី​ស៊ីឈ្នួលពពោះជំនួស ដោយឃាត់ខ្លួនបានមនុស្ស១៥នាក់។

លោក ទូច សារ៉េន នាយរងការិយាល័យប្រឆាំង​ការជួញដូរមនុស្ស និងការពារអនីតិជន បានប្រាប់ឲ្យដឹងថា នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ក្នុងប្រតិបត្តិការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៥នាក់ ដែលពាក់ព័ន្ធការរកស៊ីពពោះជំនួសនេះ មានប្រុស២នាក់ និងស្រី១៣នាក់។

បើតាមលោកនាយរងការិយាល័យ, ក្នុងចំណោមមនុស្សស្រីទាំង១៣នាក់នោះ មានមនុស្ស១១នាក់ កំពុងតែមានផ្ទៃពោះ ដែលជាអ្នករកស៊ីពពោះជំនួសផ្ទាល់តែម្ដង ហើយ២នាក់ផ្សេងទៀត ជាចុងភៅ។

ដោយឡែក សម្រាប់ការពពោះនេះ ​ហើយត្រូវលក់បន្ដទៅឲ្យជនបរទេស ឬជនណានោះ លោក ទូច សារ៉េន មិនទាន់បានបញ្ជាក់នៅឡើយទេ ព្រោះលោកថាមនុស្សទាំងអស់កំពុងតែស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញ ដើម្បីកសាងសំណុំរឿងចាត់វិធានការតាមផ្លូវច្បាប់។

គួរជម្រាបថា ចំពោះករណីពពោះជំនួសនេះនៅកម្ពុជា​ ត្រូវបានចាត់ទុកថា​ជាអំពើខុសច្បាប់ ខណ:ដែលក្រសួងមហាផ្ទៃ កំពុងតែធ្វើការចងក្រងច្បាប់ ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់ផងដែរ៕

Loading...