ព័ត៌មានជាតិ

ជិះម៉ូតូ​លឿនពេក ជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវ ស្លាប់ភ្លាមៗមួយរំពេច!

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូមួយគ្រឿង បោះពួយយ៉ាងលឿនដោយមិនប្រុង​ប្រយ័ត្ន​ត្រង់​ចំណុច​ផ្លូវ​បំបែក​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បើកឆ្លងផ្លូវ​ចំពេញទំហឹង បណ្តាលឲ្យ​ស្លាប់បាត់បង់ជីវិត ខណ:ពេលដែលបញ្ជូនទៅកាន់មន្ទីរពេទ្យ​។

ហេតុការណ៍​នោះ​កើត​ឡើង​កាលពីវេលា​ម៉ោង​១១និង៥០នាទី​យប់​ ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ត្រង់ចំណុចតាមបណ្តោយផ្លូវ​ហាណូយ​កែង និងផ្លូវ​សម្តេចជាស៊ីម​ ស្តុប​២៤ម៉ោង​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន​ពីកម្លាំងសមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ ដែលប្រចាំ​ការ​នៅ​គោលដៅ​ខាងលើ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ គឺមាន​រថយន្តមួយ​គ្រឿង​ម៉ាក​ កាមរី​ ពណ៌​ខ្មៅ​ មិនចាំស្លាកលេខ​ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ​សម្តេច​ជាស៊ីម​ ក្នុងទិស​ដៅ​ពីលិច​ទៅកើត។ លុះមកដល់ចំណុច​កើតហេតុ​ ក៏​បាន​បើក​ឆ្លងកាត់​ផ្លូវ​ហាណូយ​បម្រុងឆ្ពោះទៅផ្លូវ​ឧកញ្ញាម៉ុងរិទ្ធី​។ ហើយខណ:ពេលដែលឆ្លងបានពាក់​កណ្ដាល​ផ្លូវ​ ក៏ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ ហុងដាឌ្រីម​ ស៊េរី​០១៨​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ ​1GR-8576​ ដែលបើកបរដោយ​បុរសម្នាក់​ តាមបណ្តោយផ្លូវ​ហាណូយ​ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ និងក្នុងល្បឿនយ៉ាងលឿន​។ ដោយម៉ូតូខ្វះការប្រុងប្រយ័ត្ន​ត្រង់ចំណុច​ផ្លូវ​ខ្វែង​ ក៏ជ្រុល​ទៅ​បុក​រថយន្ត​ខាងលើ​ ចំពាក់កណ្តាល​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​រង​ការ​ខូចខាត​ផ្នែកខាងមុខ​យ៉ាង​ដំណំ។ ចំណែក​ឯ​ជនរងគ្រោះ​ដែល​ជា​អ្នក​បើក​បរ​រងរបួសបាក់ដៃទាំងសងខាង​និងបែកមាត់សន្លប់ស្តូកស្តឹង​។ ភ្លាមៗនោះ​រថយន្ត​ខាងលើក៏បាន​ព្យាយាម​បើក​រត់​គេច​ខ្លួន​ឆ្ពោះ​ទៅផ្លូវ​ឧកញ្ញ៉ា​ម៉ុងរិទ្ធី​ ហើយក៏ត្រូវសមត្ថកិច្ច​អន្តរាគមន៍​សែនសុខ​ដែល​ប្រចាំការ​នៅគោល​ដៅ​ខាងលើ​បានជិះម៉ូតូដេញ​តាម​ពី​ក្រោយ​ តែ​ដោយសារ​ផ្លូវ​ស្ងាត់​ ហើយរថយន្តក៏បន្ថែមល្បឿនយ៉ាងលឿនគេចខ្លួនបាត់ស្រមោលបាត់ទៅ​ ធ្វើឲ្យសមត្ថកិច្ចមិនអាចដេញស្ទាក់ឃាត់បាននោះទេ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​សពបុរស​រងគ្រោះ​មាន​ឈ្មោះ​ នៅ​ គិរី​ អាយុ​៣១ឆ្នាំ​ ស្នាក់នៅ​ភូមិ​ស្លែង​ដី​ដុះ​ ឃុំព្រែក​តា​ទែន​ ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល​។

ក្រោយពេលកើតហេតុបុរសរងគ្រោះក៏ត្រូវបានរថយន្ត​សង្គ្រោះ​បន្ទាន់​ដឹកយកទៅសង្គ្រោះ​នៅឯមន្ទីរពេទ្យព្រះ​កុសុម:តែ​ជា​អកុសល​ខណ:​ពេល​ដឹងទៅដល់បុរស​រងគ្រោះ​បានដាច់​ខ្យល់ស្លាប់​បាត់​ទៅ​ហើយ​។ ដោយនៅកន្លែងកើតហេតុក៏ត្រូវបានសមត្ថកិច្ចជំនាញ​ចុះ​មក​ធ្វើការ​វាស់​វែង​និងយកម៉ូតូ​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ប្រគល់​ទៅ​ឲ្យ​សាច់​ញាតិ​សពនៅពេល​ក្រោយ​។ ហើយចំណែក​ឯសពបុរស​រងគ្រោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដឹង​យកទៅ​ទៅ​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី​៕​

មតិយោបល់