Post News Media ព័ត៌មានជាតិ សមត្ថកិច្ចបង្...

សមត្ថកិច្ចបង្ក្រាបបានក្រុមចោរឆក់ បាន២នាក់ ដែលអុកឡុក ក្នុងភូមិសាស្ត្រ កន្លងមកឲ្យដេកគុក!

ភ្នំពេញ: កម្លាំងនៃអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំពីលោកវរសេនីយ៍ឯក យឹក សារ៉ាន់ និងបានទទួលបទបញ្ជារពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាល រាជធានីភ្នំពេញ ឲ្យធ្វើការបង្ក្រាបឲ្យបាន ចំពោះមុខសញ្ញាឆក់ដែលកើតឡើងក្នុងភូមិសាស្ត្រមុខព្រលានយន្តហោះពោធិ៍ចិនតុង ដែលធ្វើឲ្យភ្ញៀវបរទេស និងប្រជាពលរដ្ឋមានការភ័យខ្លាច។

លោក យឹម សារ៉ាន់ បានឲ្យដឹងថាក្នុងនាមលោកជាអធិការនគរបាលខណ្ឌ បានបញ្ជារយ៉ាងម៉ឺងម៉ាត់ ឲ្យផ្នែកជំនាញ និងបណ្តាប៉ុស្តិ៍មូលដ្ឋានដែលពាក់ព័ន្ធ ។ ទើបកម្លាំងប៉ុស្តិ៍ចោមចៅទី៣ ដែលជាម្ចាស់មូលដ្ឋានករណី បានសហការជាមួយកម្លាំងអន្តរាគមន៍ចាំឃ្លាំមើលមុខសញ្ញាដែលតែងតែចេញធ្វើសកម្មភាព រហូតកំណត់មុខសញ្ញានិងភិនភាគម៉ូតូរបស់ជនសង្ស័យបានច្បាស់ ។

លោកអធិការ បានបន្តថា ជាក់ស្តែងនៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៤ល្ងាច កម្លាំងយើងក៏បានឃើញមុខសញ្ញា ចេញមកបម្រុងធ្វើសកម្មភាពទៀត ទើបកម្លាំងបានធ្វើការប្រដេញ ចាប់ប្រផាប់ប្រភីង ពីផ្លូវសហព័ន្ធរុស្ស៊ី ទៅមក រហូតឆ្លងកាត់រង្វង់មូលចោមចៅ ឡើងទីផ្លូវវេងស្រេង ឆ្ពោះទៅម្តុំផ្សារទួល ពង្រ ជនសង្ស័យក៏បានទម្លាក់គ្នាវា ចោលម្នាក់ ដើម្បីបន្លំភ្នែកសមត្ថកិច្ច តែទោះជាយ៉ាងណា សមត្ថកិច្ចយើងបានចំណាំស្លាកលេខនិងភិនភាគម៉ូតូ ទើបកម្លាំងឃាត់បានជនសង្ស័យម្នាក់និងម៉ូតូមួយគ្រឿង នៅក្បែរវត្តកំពែង ស្ថិតក្នុងសង្កាត់ចោមចៅទី១ ។

លោកបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីឃាត់បាន
ភ្លាមៗ កម្លាំងបានយកមកប៉ុស្តិ៍ដើម្បីសួរនាំសួររកបក្សពួកបន្ថែម ទើបរូបលោកបានសុំគោលការណ៍ពីលោក ស្នងការរាជធានីភ្នំពេញ និងព្រះរាជអាជ្ញា បន្តតាមចាប់បក្ខពួកម្នាក់ទៀតកំពុងសម្ងំនៅក្នុងបន្ទប់ជួល មួយកន្លែងក្បែរនិងស្តុបទួលពង្រ។ ចំណែកបក្ខពួក២នាក់ទៀត ដឹងខ្លួនបានរត់គេបាត់អស់។

ជនសង្ស័យទាំង២នាក់ខាងលើទី១មានឈ្មោះ តំ វិសាល ហៅអាតុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងទី២មានឈ្មោះ ស៊ឹម សុវត្ថិ ហៅអាក្លិត អាយុ២០ឆ្នាំ មុខរបរមិនពិតស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកម៉ូតូធ្វើសកម្មភាពម៉ាក និចពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1GO-8540 ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅផ្នែកជំនាញដើម្បីសួរនាំ កំណត់មុខសញ្ញាបក្ខពួកសេសសល់ និងត្រៀមបញ្ជូនជនសង្ស័យទាំង២នាក់ឡើងតុលាការចាត់ការតាមនិតិវិធីច្បាប់៕

Loading...