ព័ត៌មានជាតិ

ពុទ្ធោ! រថយន្តកាមរីឆ្លាមបុកម៉ូតូពេញទំហឹង ស្លាប់៣នាក់ឪពុកម្តាយកូន…!

កំពង់ស្ពឺ: សមត្ថកិច្ចបានប្រាប់ Post News ថា នៅវេលាម៉ោង៣និង៥០នាទីរសៀល ​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ​ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់នៅនឹងកន្លែង។

នៅមុនពេលកើតហេតុ គេឃើញមានរថយន្ត​ម៉ាកកាម៉ារីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2A.6528 អ្នកបើកបរមិនស្គាល់ឈ្មោះនិងទីលំនៅ (រត់គេចខ្លួនបាត់) បើកពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូ​ម៉ាកហុងដាC125 ស៊េរី២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1J.5377 អ្នកបើកបរឈ្មោះ សន ព្រាន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិក្រាំងតារ័ត្ន ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឌុបប្រពន្ធ និងកូនពីក្រោយ ​ឈ្មោះហម នឿន អាយុ២៥ឆ្នាំ កូនឈ្មោះ ហម ការ ភេទស្រី អាយុ៩ឆ្នាំ បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកជិះម៉ូតូទាំង៣នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ។

​ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកវត្ថុតាងទាំង២គ្រឿងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង​។ ចំណែកសាកសព សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕​​

មតិយោបល់