ព័ត៌មានជាតិ

ម៉ូតូ បុកម៉ូតូសណ្ដោងរ៉ឺម៉កពេញទំហឹង ស្លាប់ និងរបួស៣នាក់

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូសណ្ដោងរ៉ឺម៉កបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២នាក់ កាលពីវេលាម៉ោង ៧ និង១០យប់ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិ៣៨០ ស្ថិតក្នុងភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាក Honda dream C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខកណ្តាល 1P-3400 បើកបរដោយឈ្មោះ ពៅ សុខហៃ (ពាក់មួកសុវត្ថិភាព) របួសធ្ងន់ (ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកល្វាឯម) ភេទប្រុស អាយុ២១ មុខរបរ រត់តុ មានទីលំនៅបច្ចុប្បន្នភូមិតាស្គរ ឃុំសារិកាកែវ ស្រុក ល្វាឯមខេត្តកណ្ដាល ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ពេលបើកមកដល់ចំណុចកើត បានបុកជាមួយ ម៉ូតូមួយគ្រឿងទៀត ម៉ាកHonda Dream C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GF-2084 មានទិសដៅបញ្រ្ចាសគ្នា បើកបរដោយឈ្មោះ ហ៊រ សុបិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មរោងចក្រ មានទីលំនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម(របួសធ្ងន់) និងអ្នករួមដំណើរម្នាក់ឈ្មោះ ឃុន សាវន់ ភេទ ស្រី អាយុ ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ (របួសស្រាល) មានទីលំនៅភូមិកំចាតព្រាយ ឃុំភ្នំបាទ ស្រុកពញាឮ ខេត្តកណ្តាល។

ករណីនេះ សមត្ថកិច្ចមិនទាន់ បានសន្និដ្ឋានទេ ដោយសាវត្ថុតាង ត្រូវប្រជាពលរដ្ឋលើកចេញពីកន្លែងកើតហេតុ ហើយម៉ូតូរបស់ឈ្មោះ ពៅ សុខហៃ ត្រូវបានក្រុមគ្រួសារយកទៅផ្ទះ ចំណែកម៉ូតូ និងរ៉ឺម៉ក់ម្ខាងទៀត ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្តិ៍សារិការកែវ ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់