ព័ត៌មានជាតិ

ចោរវ័យក្មេងមួយក្រុម ធ្វើសកម្មភាពឆក់មិនសម្រេច ត្រូវប៉ូលិសតាមទាន់ មានអីធាក់ប៉ូលិសមិនដួល​ ប៉ូលិសធាក់វិញដួល​ ក្របួចបានទាំងបក្ខពួក

ភ្នំពេញ: កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីជនសង្ស័យ ៤ នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទ មិនបានសម្រេច ត្រង់ចំណុចផ្លូវ៥១ កែងនិង២៩៤ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ជនសង្ស័យទី១.ឈ្មោះ ជា យូហាន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅម្តុំផ្សារស្ទឹងមានជ័យចាស់ ទី២.ឈ្មោះ សូត សុវណ្ណរាជ ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ រស់នៅម្តុំសង្កាត់ស្ទឹងមានជ័យទី៣ និងទី៣មានឈ្មោះហាង ជាវហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបុរីពិភពថ្មី ចម្ការដូង ខណ្ឌដង្កោ និងទី៤.ឈ្មោះ មាស ចន្នី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញ បក្ខពួកជនសង្ស័យមួយក្រុម បានជិះម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាក Dream-2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH-9790 ជិះឌុបគ្នា២នាក់ និងមួយគ្រឿងទៀតម៉ាក Beat ពណ៌ស លាយខៀវ ស៊េរី២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GZ-7741 ជាអ្នកបិតគូទ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះ ខណ:ដែលជនរងគ្រោះ កំពុងឈរនិយាយទូរស័ព្ទ នៅលើចិញ្ចើមផ្លូវ ឃើញទាន់ក៏ងៀកចេញ ធ្វើឲ្យជនសង្ស័យឆក់ខុស គាប់ជួនពេលនោះ សមត្ថកិច្ចល្បាតមូលដ្ឋានឃើញ ក៏ដេញចាប់រហូតដល់ផ្លូវ៥៥ កែងនឹងផ្លូវ២៩២ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបាន ដោយអំទ្បុងឃាត់ខ្លួននោះ​ ជនសង្ស័យ២នាក់ ដែលជាអ្នកបិទគូទ បានធាក់ម៉ូតូសមត្ថកិច្ចមិនដួល​ ក៏ត្រូវបានសមត្ថកិច្ចធាក់វិញ បណ្តាលឲ្យដួលម៉ូតូ ចាប់បានទាំង៤នាក់ រួមទាំងម៉ូតូ ២គ្រឿងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលបឹង កេងកងទី១ ដើម្បីធ្វើកំណត់ហេតុ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការខណ្ឌចម្ការមន ដើម្បីដាក់ទោសទណ្ឌតាមផ្លូវច្បាប់ ចំណែកជនរងគ្រោះ ដោយសារតែមិនមានបាត់បង់របស់ទេ ក៏បានចាកចេញពីកន្លែងកើតហេតុបាត់ទៅ៕

មតិយោបល់