ព័ត៌មានជាតិ

រថយន្តស៊េរី​ទំនើប​មួយ​គ្រឿង​ ចត​សុខ​ៗស្រាប់តែផ្ទុះឆេះ ផ្អើលប្រជាពលរដ្ឋ និងសម្ថិតកិច្ចចុះអន្តរាគមន៍

ភ្នំពេញ: រថយន្ត​ស៊េរីទំនើបមួយ​គ្រឿង​ ត្រូវ​បាន​អគ្គិ​ភ័យ​ឆាបឆេះ​អស់​មួយ​ផ្នែក​ខាង​មុខ ខណ:​ម្ចាស់​បើក​យក​ទៅ​ចត​ទុក​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ ដែលហេតុការណ៍ខាងលើ បានបង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​២០នាទី​យប់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ក្នុងភូមិ​គ្រឹះ​សុភមង្គល ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ។

ម្ចាស់​រថយន្ត​ខាងលើ​ឈ្មោះ WU GUO YORG ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​ជនជាតិ​ចិន បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​លេខ​៥០​ដេ ក្នុងភូមិ​គ្រឹះ​សុភមង្គល ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាមប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ បុរស​ជា​ជនជាតិ​ចិន​ខាងលើ​បាន​បើករថយន្ត​របស់​គាត់​ ម៉ាក​ហ៊ីលុច្យ​វី​ហ្គោ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-1055 ចេញពី​ភោជនីយដ្ឋាន​ម៉ា​ក្រូ​ នៅ​ក្បែរ​រង្វង់​មូល​ចោម​ចៅ ហើយ​បាន​បើករថយន្ត​យក​ទៅ​ចត​ទុក​កន្លែង​ខាងលើ លុះ​មួយសន្ទុះ​ក្រោយមកស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ ចេញពី​ម៉ាស៊ីន​ផ្នែក​ខាង​មុខតែ​ម្តង ទើប​ស្រែក​ឆោឡោ​ឡើង បង្ក​ការ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្នុង​បុរី​ មក​ជួយ​អន្តរាគមន៍ ដោយ​ប្រើ​បំពង់​ពន្លត់អគ្គិភ័យ​ផង ជះ​ទឹក​ផង និង​ប្រើ​ដីខ្សាច់​ជះ​ផង​ទើប​រលត់​ទៅ​វិញ​។

ករណី​នេះ ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ គ្រាន់តែ​ឆេះ​ខូច​រថយន្ត​ផ្នែក​ខាង​ម៉ាស៊ីន​ខាង​មុខប៉ុណ្ណោះ ដោយភ្លាមៗ ក៏មាបរថយន្ត​ពន្លត់អគ្គិភ័យ ​បាន​ចូល​ទៅ​អន្តរាគមន៍​២​គ្រឿង​ផងដែរ ​តែ​មិន​បាន​បាញ់​ពន្លត់​ទេ ​ដោយសារ​ភ្លើង​បាន​រលត់​ទៅ​វិញ​ហើយ៕

មតិយោបល់