ព័ត៌មានជាតិ

ឌុបគ្នាទៅធ្វើការ លឿនពេកក៏ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក របួសធ្ងន់២នាក់

ភ្នំពេញ: ប្តី និងប្រពន្ធពីរនាក់ រងរបួសធ្ងន់សន្លប់ស្ដឹងនៅនឹងកន្លែង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូឌុបគ្នាប្រញាប់ ទៅធ្វើការលឿនពេក ក៏ជ្រុលចង្កូតទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក ដឹកតាបប៊ីយ៉ែរ កំពុងឆ្លងផ្លូវ នៅវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះជាប្តីឈ្មោះ ឃិន សាមឿន អាយុ៣១ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតភូមិត្រាំខ្នា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំណែកប្រពន្ធឈ្មោះ សោម ស្រីល័ក្ខ អាយុ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតភូមិស្នួល ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ទាំង២នាក់ស្នាក់នៅ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកម៉ូតូរបស់ជនរងគ្រោះ ម៉ាក ZOOMER X ពណ៌ក្រហម ស ពាក់ស្លាកលេខ ភ្នំពេញ 1GG-3597 ។ រីឯម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាក ស៊ីធី ផ្លើស ដឹកតាបប៊ីយ៉ែរ បើកបរដោយបុរសចំណាស់ម្នាក់ មិនស្គាល់ឈ្មោះ ។

តាមពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូសណ្តោងរ៉ឺម៉ក បានបើកឆ្លងផ្លូវ ពីលិចទៅកើត ដោយនៅពេលនោះ មានមនុស្ស២នាក់ មកឈរសម្រួលចរាចរណ៍ ដើម្បីឲ្យរ៉ឺម៉កឆ្លងផ្លូវ ខណ:នេះម៉ូតូជិះឌុបគ្នាយ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង សរសៀតាម ប្រឡោះរថយន្ត ដែលកំពុងឈប់រង់ចាំឲ្យម៉ូតូសណ្តោងរ៉ឺម៉កទៅមុននោះ ទៅបុកចូលក្រោមរ៉ឺម៉កតែម្តង បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ចំណែកឯ ម៉ូតូ និង រ៉ឺម៉ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់