ព័ត៌មានជាតិ

បុគ្គលិក​កាស៊ីណូ​ជី.ធី​អ៊ិនធើថេនម៉ិន សហកាជាមួយកម្មករសំណង់ ចេញឆក់ទូរសព្ទជនជាតិចិន ចុងក្រោយខ្នោះ!

ព្រះសីហនុ: កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមផ្លូវមុខក្រុមហ៊ុន ឌឹភីហ្សាខមផែននី នៅ​ភូមិ៤ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរសព្ទដៃជនជាតិចិន​)​ខណ:​ដែលជនរងគ្រោះ​កំពុងជិះម៉ូតូជាមួយមិត្តភក្តិ នៅតាមផ្លូវមុខក្រុមហ៊ុន ឌឹភីហ្សាខមផែននី ហើយគេចខ្លួនបាត់​។

បន្ទាប់ពីបានទទួលបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដឹងថាជនសង្ស័យបានទៅលាក់ខ្លួននៅម្តុំ រ៉ូយ៉ាល់ ស្ថិតនៅក្រុមទី៣១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក៏បានសហការ​ជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៣ ធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង​២នាក់ តែម្តង​។

ជនរងគ្រោះឈ្មោះ ZHANG QI ភេទស្រី អាយុ ២៥ឆ្នាំ ជាជនជាតិចិន មុខរបរ បុគ្គលិកសណ្ឋាគារ វិមានខ្សាច់ស ស្នាក់នៅសណ្ឋាគារ វិមានខ្សាច់ស ក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
​សម្ភារ:បាត់បង់៖ ទូរស័ព្ទដៃ​១គ្រឿង ម៉ាក IPHONE X ពណ៌ស, លុយដុល្លារ ៦០ដុល្លារ​( នៅជាប់ទូរស័ព្ទ​)​។

ជនសង្ស័យមានឈ្មោះ គេង សុខគា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ អ្នកចែកបៀ នៅកាស៊ីណូ ជី.ធី អ៊ិនធើថេនម៉ិន ស្នាក់នៅក្រុមទី៣១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (​ជិះពីក្រោយអ្នកឆក់​)​។ និងឈ្មោះ ហេង ចាន់តឹង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្រុមទី៣១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( អ្នកបើកម៉ូតូ​)​។

វត្ថុតាងចាប់យកបាន៖ ទូរស័ព្ទដៃ​១គ្រឿង ម៉ាក IPHONE X ពណ៌ស​( ផលនៃអំពើទុច្ចរិត​) លុយដុល្លារ​៣៦ដុល្លារ (​ផលនៃអំពើទុច្ចរិត​) ,ម៉ូតូ​១គ្រឿង ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាកលេខ កោះកុង1A-4046 ​(​មធ្យោបាយធ្វើសកម្មភាព​)​។

បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យទាំង​២នាក់ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះពិតប្រាកដមែន​។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕

មតិយោបល់