Post News Media ព័ត៌មានជាតិ ទិញផ្ទះវីឡាតម...

ទិញផ្ទះវីឡាតម្លៃ១លានដុល្លារ តែមិនឲ្យលុយ​កុំមីស្យុង!​ ​បុគ្គលិកក្រុមហ៊ុន​អចលនទ្រព្យ​ Business Channel Cambodia ចំនួន៣នាក់ ចូលទៅទារលុយគេដល់ក្នុងផ្ទះ ផ្អើលសមត្ថកិច្ចចុះមកឃាត់ខ្លួន

ភ្នំពេញ: ជនសង្ស័យចំនួន៣នាក់ ដែលជាបុគ្គលិកក្រុមហ៊ុន​អចលនទ្រព្យ​ Business Channel Cambodia ត្រូវបានភាគីម្ខាងទៀតជាម្ចាស់ផ្ទះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ពាក់ព័ន្ធករណីចូលផ្ទះគេគ្មានការអនុញ្ញាត និងគំរាមកំហែង បន្ទាប់ពីជនសង្ស័យទាំង៣នាក់នេះបានចូលទៅក្នុងផ្ទះរបស់គេដើម្បីទារលុយថ្លៃកុំមីស្យុងដែលទិញផ្ទះវីឡា ដែលមានតម្លៃរហូតដល់១លានដុល្លារ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡា​លេខ​៤៥ ផ្លូវ​លេខ​៤៦៨ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌បានឲ្យដឹងថា កន្លងមកបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ​ Business Channel Cambodia ចំនួន៣នាក់ បានជូនម្ចាស់ផ្ទះខាងលើ ដើររកទិញផ្ទះ៣កន្លែងមកហើយបូករួមទាំងផ្ទះវីឡានេះ​ តែមិនត្រូវ ក្រោយមកក៏ដឹងថា ទិញផ្ទះនេះដែលមានតម្លៃ១លានដុល្លារឯណោះ ប៉ុន្តែដោយសារដាច់ខ្សែរយ:ពីគ្នា លុះដល់ថ្ងៃកើតហេតុទំនងជាពួកគេដឹងថាម្ចាស់ផ្ទះខាងលើនេះទិញផ្ទះវីឡានេះបានហើយ ទើបនាំគ្នា៤នាក់ មកកាន់ផ្ទះវីឡាខាងលើ ក្នុងបំណងមកទារលុយថ្លៃកុំមីស្យុង ។ ពេលមកដល់ បុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ​ Business Channel Cambodia ទាំង៤នាក់ មានម្នាក់បានឈរចាំនៅមុខផ្ទះក្រៅរបង និង៣នាក់ទៀតបានចូលទៅខាងក្នុងផ្ទះ ជួបនឹងម្ចាស់ផ្ទះថ្មីដែលទើបទិញពីគេនោះ ហើយបានសួរនាំរឿងលុយកុំមីស្យុង តែទំនងម្ចាស់ផ្ទះមិនឲ្យ ក៏ទាស់ពាក្យសម្តីគ្នាហើយម្ចាស់ផ្ទះបានប្តឹងសមត្ថកិច្ចឲ្យចុះមកឃាត់ខ្លួនតែម្តង ដោយប្រាប់សមត្ថកិច្ចថា ចូលផ្ទះរបស់គេដោយគ្មានការអនុញ្ញាត និងគំរាមកំហែង ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះភ្លាម សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យBusiness Channel Cambodia ទាំង៣នាក់បញ្ជូនមកកាន់​ប៉ុស្តិ៍​ទួល​ទំពូង​ទី​២​ ដើម្បី​សាកសួរ ហើយរហូតមកទល់ពេលនេះ ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើ ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕

Loading...