Post News Media ព័ត៌មានជាតិ អាវុធហត្ថរាជធ...

អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនខ្លួនជនសង្ស័យប្រុសស្រី២នាក់ ទៅតុលាការ!

ភ្នំពេញ: នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ០២នាក់ ទៅតុលការ ដើម្បីធ្វើការផ្តន្ទាទោស ពាក់ព័ន្ធ ០២ករណីផ្សេងគ្នា។

ជនសង្ស័យទាំង២នាក់នេះរួមមាន៖
១/ ឈ្មោះ ថៃ វិណូ ភេទប្រុស អាយុ ២៩ឆ្នាំ បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក Rav4 ពណ៌ខ្មៅ គ្មានស្លាកលេខ របស់ជនរងគ្រោះ ឈ្មោះ ហុង មករា ភេទប្រុស អាយុ ២៧ឆ្នាំ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៦និង៥៥នាទី ដែលបានយកមកផ្ញើនៅការ៉ាស់ឡាន នៅចំណុចផ្ទះលេខ៥៤ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ បន្ទាប់មកដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះបានមកយកឡានរបស់ខ្លួនតែមិនឃើញ បានទៅប្តឹងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួយស្រាវជ្រាវស្វែងរក។ ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា នៃរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ខាងលើ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៤និង៤០នាទី នៅមុខសាលាបាក់ទូក។

តាមការសាកសួររបស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យខាងលើ បានសារភាពឲ្យដឹងថា ខ្លួនជាបុគ្គលិក ធ្វើការនៅការ៉ាស់ឡាន នៅម្តុំស្ទឹងមានជ័យ ហើយរូបគេពិតជាបានលួចរថយន្ត ជនរងគ្រោះខាងលើ ពិតប្រាកដមែន និងបានយករថយន្តនោះទៅលក់ នៅម្តុំភ្នំពេញថ្មី បានតម្លៃ ៤៥០០ដុល្លារអាមេរិក ហើយរូបគេបានយកប្រាក់ដែលលក់រថយន្តបាន ទៅទិញម៉ូតូ ,ទូរសព្ទដៃ និងយកទៅលេងល្បែងចាញ់អស់។ លុះដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ រូបគេបានជិះម៉ូតូ ទៅជួបអ្នកស្គាល់គ្នា នៅមុខសាលាបាក់ទូក ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនតែម្តង។

២/ ឈ្មោះ វ៉ាត ហឿប ភេទស្រី អាយុ ៣០ឆ្នាំ បានយកកូនកាំបិតចាក់ទៅលើជនរងគ្រោះ ឈ្មោះ ប្រាក់ គឹមហុង ចំត្រង់ ពោះបណ្តាលឲ្យហូរឈាមសន្លប់បាត់បង់ស្មារតី ភ្លាមនោះឈ្មោះ ផូ ភា ភេទស្រី ជាប្រពន្ធរបស់ជនរងគ្រោះ បានបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យសម្ភពមាតា អូរឌឹម ដើម្បីសង្គ្រោះជីវិតភ្លាមៗផងដែរ។ ចំណែកជនសង្ស័យ ខាងលើ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ល្បាតឃើញហេតុការណ៍ ក៏ចុះមកធ្វើការឃាត់ខ្លួនភ្លាមៗ។ ករណីនេះកើតឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២០:៣០នាទី នៅចំណុច ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោមវិធានការជំនាញនៃការសាកសួរ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ខាងលើ បានសារភាពឲ្យដឹងថា នៅថ្ងៃកើតហេតុ ខណ:ដែលខ្លួនកំពុងអង្គុយលេងទូរស័ព្ទ មុខបន្ទប់ជួលរបស់ខ្លួន ក៏មានការទាស់ពាក្យសំដីគ្នាជាមួយជនរងគ្រោះ ខាងលើ រហូតឈានដល់ប្រើអំពើហិង្សា ហើយជនសង្ស័យបានយកកូនកាំបិតចាក់ទៅលើ ជនរងគ្រោះ ចំត្រង់ ពោះ បណ្តាលឲ្យហូរឈាម ភ្លាមនោះ មានសមត្ថកិច្ចអាវុធហត្ថឃើញហេតុការណ៍ ក៏ធ្វើការឃាត់ខ្លួនរូបគេតែម្តង៕

Loading...