Post News Media ព័ត៌មានជាតិ សមត្ថកិច្ច​​រ...

សមត្ថកិច្ច​​រកឃើញ ជ្រក់ស្ពៃ ​មានសារធាតុគីមីហាមឃាត់​(សាលីស៊ីលិចអាស៊ីត) នៅផ្សារធំថ្មី!

ភ្នំពេញ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ៧កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីសាខាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សាខាតំបន់សេដ្ឋកិច្ចពិសេស Kerry World Bridge Logistic សាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ សាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកំពង់ផែអន្តរជាតិភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្ត្រីមន្ទីរពិសោធន៍ និងគណ:កម្មការផ្សារ បានចុះប្រចាំការនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន ០៩ នៅរាជធានីភ្នំពេញមានដូចជា៖ ផ្សារជម្ពូវ័ន ផ្សារសិនជូរីប្លាហ្សា ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី ផ្សារទួលទំពូង និងច្បារអំពៅ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ ខ្ញីហាន់រួច, គ្រឿងសមុទ្រ គុយទាវសរសៃតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ និងផលិតផលទំនិញវេចខ្ចប់ស្រាប់ ដើម្បីរកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

​ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញភាពមិនប្រក្រតីនៅលើគំរូ ជ្រក់ស្ពៃ នៅផ្សារធំថ្មី មានសារធាតុគីមីហាមឃាត់ (សាលីស៊ីលិចអាស៊ីត) ហើយបានធ្វើការដកហូត ចំនួន ៣.៧៥ គីឡូក្រាម និងអញ្ជើញម្ចាស់មកធ្វើកិច្ចសន្យាបញ្ចប់ការតាំងលក់រហូតដល់មានការកែប្រែគុណភាពហើយ។
មន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

Loading...