ព័ត៌មានជាតិ

កាមរីហាយប្រីត ស្លាកលេខ ភ្នំពេញ2AP-5139 បុកជាមួយរថយន្តHummer ស្លាកលេខ ភ្នំពេញ2AC-8007 ខូចខាតទាំងសងខាង!

ភ្នំពេញ: រថយន្ដស៊េរីទំនើប២គ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នជ្រុលបុកគ្នាយ៉ាងពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យរងការខូចខាតទាំងសងខាងនិងរងរបួសស្រាល២នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៤៣២ កែងផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ។

ប្រពភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាកកាមរីហាយប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-5139 ជិះដោយបុរសនារី៣នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៥ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលមកដល់ចំណុចកើតហេតុស្របពេលមានរថយន្ដមួយគ្រឿងទៀតម៉ាកHummer ពាក់ស្លាកលេខ ភ្នំពេញ 2AC-8007 ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣២ ពីលិចទៅកើតក៏ជ្រុលបុកគ្នាពេញទំហឹងធ្វើឲ្យរថយន្ដហាយប្រីត ជ្រុលទៅបុកជាមួយបង្កាន់ដៃស្ពាននិងតុកអ្នកលក់ផាកឡូវលើចិញ្ចើមផ្លូវប៉ើងធ្លាក់ចូលក្នុងលូទឹកល្អុយចំណែកផាកឡូវរាយប៉ាយពេញផ្លូវនិងខូចខាតទាំងគ្រឿង និងបណ្ដាលឲ្យអ្នកជិះក្នុងហាយប្រីតរងរបួសស្រាល២នាក់។

ក្រោយពីកើតហេតុភាគីខាងរថយន្តកាមរីហាយប្រីតសងសំណងទៅលើលក់ផាកឡូវចំនួន១០០ដុល្លារមួយវគ្គសិន និងមួយវគ្គទៀតក៏បានសម្រួលជាមួយរថយន្តHummer មិនចង់មានរឿងវែងឆ្ងាយទើបភាគីខាងរថយន្ដហាយប្រីតព្រមសងថ្លៃការខូចខាតទៅភាគីរថយន្ដHummer ដើម្បីបញ្ចប់រឿង៕

មតិយោបល់