ព័ត៌មានជាតិ

រន្ធត់ទាំងព្រឹក! រថយន្ត​ធុន​ធំ​ដឹកទំនិញមកពី​ប្រទេស​វៀតណាម ចុះស្ពានដាច់ហ្វ្រាំងបុក​រះរថយន្ត៤គ្រឿង នៅខណ្ឌចំការមន!​

​ភ្នំពេញ: នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត​ធុន​ធំ ដឹកទំនិញ​មួយគ្រឿង បានបុក​រះ​បន្ត​គ្នា ជាមួយ​រថយន្ត​ធុន​តូច៣​គ្រឿង និង​រថយន្ត​ធុន​ធំ ដឹក​ខ្សាច់​មួយគ្រឿង នៅក្បែរ​ក្រោម​ស្ពាន អាកាស​ក្បាលថ្នល់ ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។​

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្ត​ដឹកទំនិញ​មកពី​ប្រទេស​វៀតណាម(រថយន្តបង្ក) បើក​ឆ្លងស្ពាន​ព្រះមុនីវង្ស ពី​​កើត​ទៅលិច ហើយ​បាន​ដាច់​ហ្វ្រាំង រអិល​រថយន្ត​ចុះ​ស្ពាន ក្នុង​ល្បឿនយ៉ាង​លឿន ក៏មកបុក​រះ​​​ពីក្រោយ​រថយន្ត ម៉ាក​​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ​ ភ្នំពេញ2AR-2830 និង​រថយន្ត​​កាមរី​ បា​ឡែ​ន​ និង​រថយន្ត​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់ មិនទាន់​ពាក់​ស្លាក​លេខ​របស់​កម្ពុជា (​គឺ​នៅ​ពាក់​ស្លាក​លេខ 5 TRN California​) រួមទាំងម៉ូតូ​សណ្ដោង​រ៉ឺម៉ក ដឹក​គ្រឿង​សង្ហា​រឹម​(​ដឹក​គ្រែ​លក់​) បណ្ដាលឲ្យ​ក្រឡាប់ ​​​រង​ការខូចខាតយ៉ាងដំណំ​និងរងរបួសមនុស្ស២នាក់តែម្តង។

​ជនរងគ្រោះមាន​ឈ្មោះ ស៊ឹម សេន អាយុ​២៧​ឆ្នាំ (របួស​បាក់​ជើងឆ្វេង) និង​ឈ្មោះ ម៉ាប់ ម៉ុក អាយុ​១៧​ឆ្នាំ (រងរបួស​ភ្នែក​ខាងឆ្វេង)​ជាអ្នកបើកបររថយន្តបង្ក។
ជនរងគ្រោះ​ទាំង២នាក់ ​ត្រូវ​បានបញ្ជូនសង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ឯកជន បាយ័ន។ ​​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅដល់កន្លែងកើតហេតុ ធ្វើការ​វាស់វែង និង​ជួយ​ធ្វើ​សម្រួលចរាចរណ៍កុំឲ្យមានការ​កកស្ទះ​ផងដែរ។ ចំពោះករណីនេះ សមត្ថកិច្ចបាននាំយករថយន្ត៤គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ រង់ចាំការដោះស្រាយ​នៅពេល​ក្រោយ៕

មតិយោបល់