ព័ត៌មានជាតិ

លើកទី១នៅតែមិនរាង! លើកទី២សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ​ដេប៉ូប្រេងឥន្ធនៈតេលា រស្មី ពិសី​…!

​កណ្តាល: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលបាននាំយក រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធន: ដោយមានការសម្របសម្រួលពី
លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ចុះត្រួតពិនិត្យជាលើកទី២ ទៅលើស្ថានីយ/ដេប៉ូប្រេងឥន្ធន:នៅខេត្ត កណ្ដាល។

ក្នុងការត្រួតពិនិត្យនេះ មន្រ្តីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង និងត្រួតពិនិត្យលើរង្វាស់រង្វាល់ប្រេងដែលលក់ជូនអតិថិជនផងដែរ ។

លទ្ធផលនៃការត្រួតពិនិត្យ ៖ បានរកឃើញដេប៉ូប្រេងឥន្ធន:តេលា រស្មី ពិសី ស្ថិតនៅបណ្តោយផ្លូវលេខ២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ ប៉ុន្តែតម្លៃលក់រាយបានអនុវត្តត្រឹមត្រូវតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

យោងតាមលទ្ធផលត្រួតពិនិត្យឃើញភាពមិនប្រក្រតីជាលើកទី២ ដោយម្ចាស់ដេប៉ូ ពុំអនុវត្តតាមការណែនាំរបស់មន្រ្តីជំនាញ ដែលតម្រូវឲ្យម្ចាស់ដេប៉ូធ្វើកិច្ចសន្យាកែតម្រូវភាពមិនប្រក្រតី ដែលរកឃើញកាលលើកទី១ ទើបមន្រ្តីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្ត និងផ្តន្ទាទោសតាមនីតិវិធីច្បាប់។

បញ្ជាក់៖ បើភាពមិនប្រក្រតីដែលត្រូវបាន រកឃើញលើកទី១ រួមមានកម្រិតលំអៀងលើបរិមាណលក់ចេញ និងកម្រិតគុណភាពអុកតាន (Octane) តម្រូវឱ្យម្ចាស់ស្ថានីយ/ដេប៉ូ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនប្រក្រតីឡើងវិញ។ ទន្ទឹមនេះ នឹងមានផ្សព្វផ្សាយ ឈ្មោះស្ថានីយ/ដេប៉ូប្រេងឥន្ធន:ដែលមិនប្រក្រតីនោះ តាមបណ្តាញទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ។
ក្នុងករណីស្ថានីយ/ដេប៉ូដដែលមានភាពមិនប្រក្រតីជាលើកទី ២ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងស្នើសុំក្រសួង ពាណិជ្ជកម្ម ធ្វើការព្យួរអាជ្ញាប័ណ្ណផ្អាកអាជីវកម្មជាបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់