ព័ត៌មានជាតិ

រថយន្តដឹកអាចម៍រណារដាច់ហ្វ្រាំង បុករ៉ឺម៉កកង់បីផ្ទុបនឹងស្លាកសញ្ញាចរាចរណ៍ ​រងរបួសបុរសម្នាក់​នៅផ្លូវ២៧១!

ភ្នំពេញ: បុរសអ្នកបើកម៉ូតូរ៉ឺម៉កកង់​៣ ម្នាក់បានរងរបួសធ្ងន់ ខណ:ដែលរូបគាត់កំពុងតែបើកបរហើយត្រូវបានរថយន្តដឹកអាចម៍រណារមួយគ្រឿងដាច់ហ្វ្រាំងបើកមកបុកពីក្រោយទៅផ្ទុបនឹងបង្គោលស្លាកសញ្ញាចរាចរណ៍១ដើម បណ្តាលឲ្យបាក់ផងដែរ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរកើតឡើងកាលពីវេលាម៉ោង​១១​និង​៣០នាទីព្រឹក ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅចំណុចមុសផ្ទះលេខ ៦៥២ ផ្លូវលេខ ២៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ដុស នឿន អាយុ​៤០ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅផ្ទះលេខ ៦៦៦ ផ្លូវបេតុង ភូមិល្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។ នៅមុនពេលកើតហេតុ បុរសរងគ្រោះបានបើកម៉ូតូរ៉ឺមកកង់របស់គាត់មួយគ្រឿង តាមបណ្តោយផ្លូវលេខ ២៧១ លុះមកដល់ចំណុចខាងលើក៏ស្រាប់តែមានរថយន្តម៉ាក ហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A0866 មួយគ្រឿងទៅបុកពីក្រោយពេញទំហឹងទៅផ្ទុបនឹងបង្គោលស្លាកសញ្ញាចរាចរណ៍១ដើមបាក់ផងដែរ។

ក្រោយពេលកើតហេតុ បុរសរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ចំណែកឯរថយន្តដឹកអាចម៍រណាបង្ក និងម៉ូតូកង់បី ត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាជាបន្តទៅទៀត៕

មតិយោបល់