Post News Media ព័ត៌មានជាតិ ផឹកស្រាស្រវឹង...

ផឹកស្រាស្រវឹងទាស់សម្ដីគ្នា ផ្ទុះជាហិង្សា ៣នាក់ចូលប៉ុស្តិ៍ ឯងម្នាក់ទៀតស្លាប់យ៉ាងអាណោចអាធ័ម

ព្រះសីហនុ: កាលពីវេលាម៉ោង ១១យប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីហិង្សា បណ្តាលឲ្យស្លាប់បុរសម្នាក់ និងជនសង្ស័យ ០៣នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចផ្លូវកោះព្រាប (ក្បែរកន្លែងនគរបាលព្រំដែនទឹក)។

ជនសង្ស័យពាក់ព័ន្ធខាងលើ៖ ទី១.ឈ្មោះ ឆាយ ស្រ៊ ភេទប្រុស អាយុ២៤ឆ្នាំ និងទី២.ឈ្មោះ ឆាយ កុងស៊ុន ភេទប្រុស អាយុ២៣ឆ្នាំ និងទី៣.ឈ្មោះ ប៊ុន ដារា ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំងបីនាក់ មានមុខរបរ កូនដៃទូកអូរប៊័រ ក្រុមហ៊ុន ស៊ី.ស៊ី.ប៊្លូ.ស៊ី ស្នាក់នៅលើអូរប៊័រ ។

ចំណែកសពជនរងគ្រោះឈ្មោះ ស៊ុន វិច្ឆិកា ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរ កូនដៃទូកអូរប៊័រ ក្រុមហ៊ុនចិន ស្នាក់នៅលើអូរប៊រ ស្រុកកំណើតនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់ខាងលើ និងជនរងគ្រោះ បានផឹកស៊ីជាមួយគ្នា នៅចិញ្ចើមផ្លូវកន្លែងកើតហេតុ ដោយជនរងគ្រោះស្រវឹងជោកជាំ ទាស់ពាក្យសម្ដីគ្នា ក៏វាយប្រតាយប្រតប់គ្នា ដោយជនរងគ្រោះធ្លាក់ពីលើផ្លូវបុកថ្ម បណ្ដាលឲ្យបែកក្បាល និងបាក់.ក ស្លាប់ភ្លាមៗតែម្ដង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

Loading...