Post News Media ព័ត៌មានជាតិ ​ផឹកស្រាអស់មួ...

​ផឹកស្រាអស់មួយកំប៉ុង រួចឡើងទៅលើបង្គោលភ្លើងតង់ស្យង់ខ្ពស់ ​កម្ពស់ជាង៥០ម៉ែត្រ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះអន្តរាគមន៍ទាំងយប់

ភ្នំពេញ: កាលពីវេលា​ម៉ោង០៩ និង៤៥នាទីយប់ ថ្ងៃទី១៦ ខែវិឆ្ឆិកា​ ឆ្នាំ២០១៨ មានករណីបុរសម្នាក់ បានឡើងទៅលើបង្គោលភ្លើងតង់ស្យង់ខ្ពស់ ​កម្ពស់ជាង៥០ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍​ប្រាប់សមត្ថកិច្ច ចុះមកអន្តរាគមន៍ទាំងយប់ នៅត្រង់ចំណុចម្ដុំផ្ទះល្វែង ទើបសាងសង់ ជាប់ដីឧកញ៉ា សៀង ម៉េង ស្ថិតតាមផ្លូវបេតុង​ ​ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ជនរងគ្រោះឈ្មោះ យស​ សាវ៉ន អាយុ៤៩ឆ្នាំ មានជំងឺសរសៃប្រសាទជិត១០ឆ្នាំមកហើយ​ មុខរបរ​ធ្វើការសំណង់ ស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានប្រពន្ធជនរងគ្រោះឈ្មោះ រ័ត្ន ហ៊ន អាយុ៥២ឆ្នាំ មុខរបរ​ធ្វើសំណង់ និងមានកូន៦នាក់ ទៅរស់នៅ​កន្លែងធ្វើការផ្សេងៗពីគ្នាអស់ហើយ។

តាមសម្ដីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានអ្នកធ្វើការសំណង់ដូចគ្នា បានបបួលប្ដីទៅអង្គុយ​ជជែកគ្នាលេង ហើយប្ដីរបស់គាត់ ក៏ចង់ផឹកស្រា ទើបអ្នកដែលបបួលទៅទីនោះ បានឲ្យពិសារអស់មួយកំប៉ុង បន្ទាប់មកជនរងគ្រោះ ក៏ត្រលប់មកកន្លែងស្នាក់នៅវិញ។

លុះដល់វេលាម៉ោងជិត០៩យប់ ស្រាប់តែប្ដីរបស់គាត់រអ៊ូ ហើយដើរចេញទៅក្រៅបាត់ មួយសន្ទុះក្រោយមក ក៏ឮអ្នកធ្វើការជិតនោះប្រាប់ថា បុរសដែលជាប្ដីរបស់ខ្លួននោះ កំពុងឡើងលើបង្គោលភ្លើងតង់ស្យុងខ្ពស់ ទើបផ្អើលឆោទ្បោ ឲ្យបងប្អូនប្រជាពលរដ្ឋ នាំគ្នាជួយចាប់ឃាត់ប្ដីរបស់គាត់ តែដោយសារចាប់មិនជាប់ ទើបបណ្ដោយឲ្យប្ដីរបស់គាត់ឡើង ដល់លើបង្គោលតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់ដល់សមត្ថកិច្ចភ្លាមៗផងដែរ។

ភ្លាមៗផងដែរកម្លាំងសមត្ថកិច្ចល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងប្រាប់ខាងអគ្គិសនីកម្ពុជា EDC ចុះមកសហការគ្នា ជួយលួងលោម​បុរសខាងលើ តែទោះបីជា​ស្រែកហៅ និង​លួងលោម​គ្រប់វិធី​ ក៏បុរសខាងលើ​ មិនព្រមចុះមកវិញដែរ បែរជាឡើងរហូតដល់ចុងបង្គោល​តុងស្យុងតែម្ដង។

​អស់រយ:ពេល​ជិត២ម៉ោង ទើបបុរសម្នាក់ ឈ្មោះ​ វ័ន្ត​ អាយុជិត៣០ឆ្នាំ ត្រូវជាកូនរបស់បុរសដែលមានជំងឺសរសៃប្រសាទខាងលើ​ បានជិះម៉ូតូមកដល់កន្លែងកើតហេតុ រួចប្រញ៉ាប់ស្រែកហៅ​ឪពុក​ ទើបបុរសជាឪពុក ព្រមចុះមកក្រោមវិញ៕

Loading...