ព័ត៌មានជាតិ

​សមត្ថកិច្ចរកឃើញ តែបៃតង ទឹកផ្លែឈើ ទឹកសេរ៉ូ ទឹកដោះគោក្មេង ទឹកសណ្ដែក ខូចគុណភាព​ នៅផ្សាររង្វង់មូលថ្មី!

​ឧត្តរមានជ័យ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃច័ន្ទ ១២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្ដឧត្ដរមានជ័យ ដោយទទួលបានកិច្ចសហការពីមន្ដ្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យទំនិញតាមបណ្ដាផ្ទះលក់គ្រឿងឧបភោគបរិភោគ និងគ្រឿងភេសជ្ជ: ស្ថិតនៅផ្សាររង្វង់មូលថ្មី ភូមិអូជីក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់។

​ជាលទ្ធផលមន្ដ្រីជំនាញបានរកឃើញទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងបានដកហូតមានដូចជា៖ តែបៃតងដបតូចចំនួន ២២១ដប ទឹកផ្លែឈើ ៤៦ដប ទឹកសេរ៉ូ ២៣ដប ទឹកដោះគោក្មេង ៣៦ដប ទឹកសណ្ដែក ៦កំប៉ុង នំធុងចំនួន ៣ធុងធំ និងទឹកតែបូបូ ៥០ដប យកមករក្សាទុកដើម្បីកម្ទេចចោលពេលក្រោយ ។

បន្ទាប់មកមន្រ្ដីកាំកុងត្រូលបានធ្វើការណែនាំអំពីផលប៉ះពាល់លើគុណភាពទំនិញ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារដល់អាជីវករ និងប្រជាពលរដ្ឋផងដែរ ទន្ទឹមនេះដែរ មន្រ្តីកាំកុងត្រូលក៏បានចែកខិត្តប័ណ្ណ ជូនអាជីវករដើម្បីឲ្យពួកគាត់យល់ដឹង និងមានការប្រុងប្រយ័ត្នអំពីរបៀបជ្រើសរើសផលិតផលយកមកបរិភោគ ជៀសវាងប៉ះពាល់ដល់សុខភាព៕

មតិយោបល់