Post News Media ព័ត៌មានជាតិ សាច់មាន់ខូចគុ...

សាច់មាន់ខូចគុណភាពជាង១តោន ត្រូវសមត្ថកិច្ចបង្រ្កាប នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ​:​​កម្លាំងពេទ្យសត្វខេត្តបន្ទាយមានជ័យ ស្ទាក់ចាប់រថយន្តដឹកសាច់មាន់ខូចគុណភាពជាង១តោន នៅក្រុងប៉ោយប៉ែត កម្លាំងជំនាញពេទ្យសត្វនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានដេញស្ទាក់ចាប់រថយន្តមួយគ្រឿងដែលសង្ស័យថាបានដឹកផលិតផលបក្សីខូចគុណភាពដែលនាំចូលពីប្រទេសថៃដោយខុសច្បាប់។

ការស្ទាក់ចាប់ធ្វើឡើងនៅម៉ោង១២និង៣០នាទីសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមុខអធិការដ្ឋាននគរបាលក្រុង ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក​ ហ៊ុយ​ ទូច​ ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានឲ្យដឹងថា​ ដោយទទួលបានព័ត៌មានពាក់ពន្ធ័នឹងការដឹកជញ្ជូនផលិតបក្សីដែលខូចគុណភាព​ និងក្រោមការសម្របសម្រួលពីលោក​ តេង​ សាម៉ៃ​ ព្រះរាជ្ញារងអមអយ្យការសាលាដំបូងខេត្តកម្លាំងជំនាញបានប្រតិបត្តិការដេញស្ទាក់និងចាប់រថយន្តបាននៅចំនុចមុខអធិការដ្ឋាននគរបាលក្រុង​ ប៉ោយប៉ែត។ ក្រោយស្ទាក់ជាប់អ្នកបើកបរថយន្តប្រព្រឹត្តក៏បានបើកទ្វាររត់គេចចេញពីកន្លែងកើតហេតុ​ ។

លោក​ ហ៊ុយ​ ទូច​ បានបន្តថា​ក្រោយពីបានរើនិងថ្លឹងផលិតផលបក្សី ចុងស្លាបនិងកោះមានចំនួន១២៨៤គីឡូក្រាម​ ស្មើនឹង១០៧កេះ។ ហើយដោយអនុវត្តទៅតាមវិធានមន្ត្រីពេទ្យសត្វនិងក្រោមការឯកភាពពីលោកព្រះរាជ្ញាផលិតផលបក្សីទាំងនេះត្រូវបានធ្វើការដុតកម្ទេចចោលនៅទីធ្លាក្នុងភូមិខ្លាកូនសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។

លោកប្រធានការិយាល័យបានបញ្ជាក់ផងដែរថា​ ក្រោមការណែនាំរបស់លោក​ តាន់​ ផាន់ណារ៉ា​ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ​ និងដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋមន្ត្រីជំនាញតែងតែធ្វើការអប់រំណែនាំនិងទប់ស្កាត់នូវផលិតផលបក្សីដែលឈ្មួញលួចធ្វើចរាចរណ៍ឆ្លងកាត់ពីប្រទេសជិតខាងមកដុតកម្ទេចចោលជាបន្តបន្ទាប់៕

Loading...