Post News Media ព័ត៌មានជាតិ រថយន្ត​ក្រឡុក...

រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បុករថយន្ត​ម៉ាស័រដា ​បើកបត់​ត្រឡប់​ក្រោយ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​

ភ្នំពេញ: បុរសម្នាក់​ស្រវឹង​ធ្លាក់ភ្នែក​បើក​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ក្នុងល្បឿនយ៉ាងលឿន​ ដោយខ្វះការ​ប្រុងប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាស័រដា​មួយ​គ្រឿង​ទៀត​ដែល​បើក​បត់​ត្រឡប់​ក្រោយ​ចំពេញ​ទំហឹង កាលពីវេលា​ម៉ោង​៩និង​៣០នាទី​យប់​ ថ្ងៃទី​១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ខាងមុខហាងស៊ុប​សាច់អាំងបង្គង​យក្សគីឡូ​ តាមបណ្ដោយ​ផ្លូវ​ឧកញ្ញ៉ា​ម៉ុងរិទ្ធី​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ ​មុន​ពេល​កើត​ហេតុ​គេឃើញ​បុរសម្នាក់​និង​នារី​ម្នាក់​បាន​បើក​បរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ម៉ាស័រដា​BT50 ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AW-9525​ ដោយធ្វើដំណើរតាម​បណ្តោយផ្លូវ​ឧកញ្ញ៉ា​ម៉ុងរិទ្ធី​ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​។ លុះមកដល់​ចំណុច​កើត​ហេតុ​រថយន្តខាងលើ​ក៏​បាន​បើក​បត់ឆ្វេង​​ត្រឡប់ទៅ​ក្រោយ​វិញ​ ខណ:​ពេល​នោះ​ស្រាប់​តែ​មាន​រថយន្ត មួយ​គ្រឿង​ទៀត​ម៉ាក​ ហ្វូយហ្សូរ​ ពណ៌ស​ ជាប្រភេទ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ ពាក់ស្លាកលេខ​ ភ្នំពេញ ​5A-0286។ ដែល​បើក​បរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ តាមបណ្ដោយ​ផ្លូវ​ឧកញ្ញ៉ា​ម៉ុងរិទ្ធី​ ក្នុង​ទិសដៅ​បញ្រ្ចាស​ទិសគ្នា​ និងក្នុង​ល្បឿនលឿន​ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ក៏ជ្រុល​ទៅ​បុករថយន្ត​ខាងលើ​ចំពីក្រោយ​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ម៉ាស័រដា​រងការខូចខាត​កំពិតផ្នែកខាង​ក្រោយ​ចំហៀង​ខាង​ស្តាំ​យ៉ាង​ដំណំ​។ ចំណែក​ឯ​រថយន្ត​បង្ក​រងការខូចខាត​កំពិតកាងផ្នែកខាងមុខ​ចំហៀង​ឆ្វេង​ តែ​សំណាង​ល្អ​ដែរ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​។

ក្រោយ​ពេល​កើត​ហេតុសមត្ថកិច្ច​មូល​ដ្ឋាន​ក៏​បាន​ចុះមក​ដល់​កន្លែង​កើត​ហេតុ​ ហើយដោយភាគទាំង២និយាយចរចាដោះស្រាយ​គ្នា​មិន​ត្រូវ​ សមត្ថកិច្ច​មូល​ដ្ឋាន​ក៏​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់​វែង​យករថយន្ត​ទាំង​២គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕

Loading...