ព័ត៌មានជាតិ

រថយន្តព្រូស ពន្លះក្បាលនាគចែកទ្រូងផ្លូវវៀច១កង់!

ភ្នំពេញ: បុរសម្នាក់ជាម្ចាស់រថយន្ដ​ស្រវឹងស្រាជោក បើករថយន្តមិនកើត បានឲ្យស្ត្រីម្នាក់ដែលជាបងស្រី ជាអ្នកបើករថយន្ដ​ Prius ជំនួស តែខ្វះការប្រុងប្រយ័ត្ន បានគេចម៉ូតូក្មេងស្ទាវ ជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវវៀច១កង់រថយន្តដាច់ក្រឡេកង់មុខខាងឆ្វេងទៅលែងរួចតែសំណាងល្អមិនមានអ្នករបូស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចមុខផ្ទះសំណាក់ ស្ថិតលើកំណាត់ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ​ គេឃើញរថយន្ដបង្ក ម៉ាក TOYOTA PRIUS ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AT-5227 បើកបរដោយស្ត្រីជាបងស្រីរួមដំណើរនិងបុរសជាម្ចាស់រថយន្ត បានធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ​ រថយន្តបានគេចម៉ូតូមួយគ្រឿងទៀត​ របស់ក្រុមក្មេងស្ទាវក៏ជ្រុលបុកទ្រូងផ្លូវ ធ្វើឲ្យរបាំងថ្មពុះចែកទ្រូងផ្លូវខ្ទាតចេញពីទ្រុងទ្រាយដើមអស់មួយកង់ ហើយរថយន្តព្យាយាមបើករត់ទាំងដាច់ក្រឡេបានប្រមាណ៥០ម៉ែត្រមិនអាចបន្តដំណើរទៅទៀតបាន។

ក្រោយពេលកើតហេតុកម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានចុះមកកន្លែងកើតហេតុ រួច​រាយការណ៍​ប្រាប់ទៅកាន់សមត្ថកិច្ច​ផ្នែកចរាចរណ៍ខណ្ឌមានជ័យ ចុះមកពិនិត្យមើលជាក់ស្ដែង ហើយបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការវាស់វែងយកទៅការិយាល័យចរាចរណ៌ជើងគោកស្នងការាជធានីភ្នំពេញរង់ចាំឲម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។

មតិយោបល់